អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ចូលរួមកម្មវិធីជប់លៀងអបអរសាទរមហាសន្និបាតប្រចាំឆ្នាំលើកទី២៧ របស់គណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុុជា
……………………..
ភ្នំពេញ ៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានចូលរួមកម្មវិធីជប់លៀងអបអរសាទរ មហាសន្និបាតប្រចាំឆ្នាំលើកទី២៧ របស់គណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា ដែលរៀបចំឡើង នៅល្ងាចថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២នេះ នៅសណ្ឋាគារសុខាភ្នំពេញ។
ពិធីជប់លៀងនេះ ត្រូវបានរៀបចំឡើង ក្រោមអធិបតីភាព លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នៅសណ្ឋាគារសុខាភ្នំពេញ ដោយមានការអញ្ជើញចូលរួមផងដែរ ពីសំណាក់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក, ឯកឧត្តម ហ៊ុន ម៉ានិត អគ្គនាយកនៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច, ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ, ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីនៃក្រសួងយុត្តិធម៌, ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន, ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទផងដែរ។
លោកជំទាវ ម៉ែន សំអន បានចូលរួមអបអរសាទរចំពោះ លោក លី ច័ន្ទតុលា ដែលត្រូវបានសមាជិក-សមាជិកា គណៈមេធាវីបោះឆ្នោតជ្រើសតាំង ជាប្រធានគណៈមេធាវីអាណត្តិទី ១៤ ដើម្បីបន្តដឹកនាំគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជាមួយអាណត្តិទៀត ជាមួយនឹងសម្លេងគាំទ្រយ៉ាងច្រើនបំផុត ក្នុងការបោះឆ្នោតគណៈមេធាវីអាណត្តិទី១៤នេះ ដែលមានរហូតដល់ទៅ ២.០១៦សម្លេង ស្មើនឹង ៩៨.៥៨% នៃសម្លេងឆ្នោតបានការទាំងអស់៕