អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ទទួលជួបសម្តែងការគួរសមនិង ពិភាក្សាការងារជាមួយ លោក Nobutani Kazushige ប្រធានអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន(JETRO) នៅថ្ងៃសុក្រ ៦រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២២ នៅខេត្តសៀមរាបនៃព្រះរាជាណាចក្រកម្ពុជា។ អ្នកឧកញ៉ាប្រធាន មានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានគណៈប្រតិភូជប៉ុន និង កិច្ចសហការយ៉ាងជិតស្និទ្ធរវាងសភាពាណិជ្ជកម្មកម្ពុជានិង អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុននាពេលកន្លងមកនិងបន្តពង្រឹងកិច្ចសហការឱ្យកាន់តែប្រសើរឡើង។ ស្ថាប័នទាំងពីរបានចុះអនុស្សារណៈយោគយល់គ្នាកាលពី ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ កន្លងទៅ ក្នុងគោលបំណងសហការលើកម្ពស់វិស័យឯកជនក្នុងការជំរុញធុរកិច្ចនិងវិនិយោគ និងគាំទ្រកិច្ចសហប្រតិបត្តិការកម្រិតតំបន់ក្នុងក្របខណ្ឌក្រុមប្រឹក្សារពិគ្រោះយោបល់ធុរកិច្ចអាស៊ាន និងក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើត។
កិច្ចពិភាក្សាបានបញ្ចប់ដោយទទួលបានលទ្ធផលជាផ្លែផ្កា និងបានឯកភាពជាគោលការណ៍ ក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅ។