ខេត្តសៀមរាប៖ នារសៀលថ្ងៃ ព្រហស្បតី ៥រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២២ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានទទួលជួបសម្តែងការគួសម និងពិភាក្សាការងារជាមួយក្រុមប្រឹក្សាភិបាលសមាគមសហគ្រិនវ័យក្មេងសាខាខេត្តសៀមរាបដែលដឹកនាំ ដោយ លោក ថោង ប៊ុនថារី ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តសៀមរាប ។
អ្នកឧកញ៉ា គិត ម៉េង បានចែករំលែកបទពិសោធន៍ និងអនុសាសន៍ណែនាំក្នុងការប្រកបអាជីវកម្ម ក៏ដូចជាការរស់នៅក្នុងសង្គម ហើយលើកទឹកចិត្តឲ្យសហគ្រិនវ័យក្មេង ស្វែងរកឱកាសធុរកិច្ចជាមួយដៃគូក្រៅប្រទេស និងទាក់ទាញការវិនិយោគមកកាន់ខេត្តសៀមរាប។ អ្នកឧកញ៉ាប្រធាន ជំរុញឲ្យមានកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធរវាងសមាគមសហគ្រិនវ័យក្មេងសាខាខេត្តសៀមរាប និង សភាពាណិជ្ជកម្មខេត្តសៀមរាប ហើយរួមគ្នារៀបចំព្រឹត្តិការណ៍ជំរុញធុរកិច្ច និងវិនិយោគ ដើម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ចខេត្តសៀមរាប។