ថ្ងៃអង្គារ ៣ រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ៩:០០ នាទីព្រឹក មានរៀបចំកិច្ចប្រជុំក្រុមការងារ “ឃ” “នីតិកម្មពន្ធដារ និងអភិបាលកិច្ច” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន” ដោយមានការចូលរួម ដោយផ្ទាល់ និងពីចម្ងាយតាមរយប្រព័ន្ធវីដេអូហ្ស៉ូម នៅសាលប្រជុំដាច់ដោយឡែក នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹង អគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា។ កិច្ចប្រជុំពិភាក្សានេះ ក្រោមអធិបតីភាព សហប្រធានទាំងពីរ៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរត្ន័ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាសហប្រធានក្រុមការងារទី ឃ ផ្នែករដ្ឋាភិបាល និងវត្តមាន ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអ្នកសម្របសម្រួលក្រុមការងារទាំង ១៣ផ្នែកឯកជន និងវត្តមាន លោក អានូ ដាក (Arnaud Dac) សហប្រធានក្រុមការងារទី ឃ ផ្នែកឯកជន និងមានវត្តមានចូលរួមពីសំណាក់មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម ព្រមទាំងមានការចូលរួមពី តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ នឹងក្រុមការងារ និងសមាជិក សមាជិកាជាន់ខ្ពស់សភាពាណិជ្ជកម្មកម្ពុជា តំណាងសភាពាណិជ្ជកម្មអឺរ៉ុប តំណាងសភាពាណិជ្ជកម្មអន្តរជាតិ តំណាងក្រុមហ៊ុនឯកជន និងសមាជិក សមាជិកាក្រុមការងារជាច្រើនទៀតសរុបចំនួនអ្នកចូលរួមក្នុងប្រជុំពិភាក្សានេះប្រមាន ១៣០នាក់។
គោលបំណងនៃកិច្ចប្រជុំគឺដើម្បីពិភាក្សា ស្វែងរកការបំភ្លឺ ដោះស្រាយទៅលើបញ្ហាប្រឈមនានារបស់ផ្នែកឯកជន ដែលបានលើកឡើង។ ជាក់ស្តែងកិច្ចប្រជុំបានពិភាក្សា និងបានដោះស្រាយទៅលើបញ្ហាប្រឈមនានារបស់ផ្នែកឯកជន នឹងឯកភាព គ្នាទៅវិញទៅមក លើរាល់បញ្ហាដែលបានលើកឡើងតាមរបៀវរៈ។
កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១២:៣០ នាទីព្រឹក ក្នុងបរិយាកាសរីករាយ ស្និតស្នាល យោគយល់គ្នា និងទទួលបានលទ្ធផលជាផ្លែផ្កា។
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកក្រុមការងារសភាពាណិជ្ជកម្មកម្ពុជា 099 984 989 / info.gpsfccc@gmail.com