ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

កិច្ចប្រជុំលើកទី២ នៃគណៈកម្មាធិការជាតិកិច្ចសម្រួលពាណិជ្ជកម្ម (គ.ជ.ស.ព.)

នារសៀលថ្ងៃអង្គារ ៦រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ១៤៖៣០នាទីរសៀល នាសណ្ឋាគារ Raflles Hotel Le Royal អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា នឹងជាសមាជិកនៃគណៈកម្មាធិការសម្របសម្រួលពាណិជ្ជកម្ម (គ.ជ.ស.ព) ព្រមទាំងសមាជិកសមាជិកានៃសភាពាណិជ្ជកម្មកម្ពុជាពាក់ព័ន្ធ ចូលរួមក្នុងកិច្ចប្រជុំលើកទី២ នៃគណៈកម្មាធិការជាតិកិច្ចសម្រួលពាណិជ្ជកម្ម (គ.ជ.ស.ព), រៀបចំដោយក្រុមការងារលេខាធិរដ្ឋាននៃ គ.ជ.ស.ព ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិតសភាចារ្យ ជូ វិជិត្ត រដ្ឋមន្ត្រីប្រិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការជាតិកិច្ចសម្រួលពាណិជ្ជកម្ម (គ.ជ.ស.ព) និងវត្តមាន ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងជាអនុប្រធាននៃ គណៈកម្មាធិការជាតិកិច្ចសម្រួលពាណិជ្ជកម្ម (គ.ជ.ស.ព) ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធាន គ.ជ.ស.ព., ព្រមទាំងវត្តមានអនុប្រធាន សមាជិកសមាជិកានៃគណៈកម្មាធិការជាតិកិច្ចសម្រួលពាណិជ្ជកម្ម (គ.ជ.ស.ព)។ កិច្ចប្រជុំនេះ ក៏មានការចូលរួមពីបណ្តាតំណាងក្រសួង ស្ថាប័ន រដ្ឋនិងឯកជន និងដៃគូអភិវឌ្ឍន៍សំខាន់ៗដែលកំពុងផ្តល់កិច្ចសហប្រតិបត្តិការ រួមមាន Arise Plus Cambodia, UNTAD, GATF/Swisscontact, JICA, IMF, WCO ជាដើម។

គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បី (១)ពិនិត្យវឌ្ឍនភាពការងារដែលបានដាក់ទិសដៅនាកិច្ចប្រជុំលើកទី១ ចំនួន ០៩ ចំណុច ដើម្បីជំរុញអនុលោមភាពនៃការអនុវត្តកិច្ចព្រមព្រៀង WTO-TFA របស់កម្ពុជា (២)ត្រៀមរៀបចំការជូនដំណឹងស្តីពីកាលបរិច្ឆេទជាក់លាក់ (Definitive Date)នៃការអនុវត្តបញ្ញត្តិប្រភេទ C នៃកិច្ចព្រមព្រៀង WTO-TFA និង (៣)ដាក់ទិសដៅអនុវត្តបន្ត ជាពសេស កិច្ចប្រជុំបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល និងវឌ្ឍនភាពដែល គ.ជ.ស.ព. និងលេខាធិការដ្ឋានបានបំពេញការងារយ៉ាងសកម្មក្នុងការសម្របសម្រួលរៀបចំកិច្ចប្រជុំ និងអនុវត្តការងារផ្សេងៗទៀតក្នុងការតាមដានការអនុវត្តកិច្ចព្រមព្រៀង WTO-TFA ក្នុងរយៈពេលជិត៣ឆ្នាំបន្ទាប់ពីគ.ជ.ស.ព. បានបង្កើតទ្បើង ជាពិសេសការធានាកិច្ចដំណើរការនិងការប្រព្រឹត្តទៅរបស់ គ.ជ.ស.ព. និងលេខាធិការដ្ឋាន, ការជូនដំណឹងទៅគណៈកម្មាធិការកិច្ចសម្រួលពាណិជ្ជកម្មរបស់អង្គការពាណិជ្ជកម្មពិភពលោកទាន់ពេលវេលាដែលបានកំណត់ដោយកិច្ចព្រមព្រៀង, និងការកៀរគរធនធានជាជំនួយបច្ចេកទេស និងហិរញ្ញវត្ថុ។

ជារួម អង្គប្រជុំបានសម្រេចដាក់នូវទិសដៅការងារបន្តមួយចំនួនដូចខាងក្រោម៖

១. លេខាធិការដ្ឋាន រួសរាន់រៀបចំជូនដំណឹងស្តីពីកាលបរិច្ឆេទជាក់លាក់ (definitive date) ឱ្យបានទាន់ពេលវេលា ជូនគណៈកម្មាធិការកិច្ចសម្រួលពាណិជ្ជកម្ម នៃ WTO។

២. ស្នើសមាជិក គ.ជ.ស.ព. និងលេខាធិការដ្ឋាន បន្តសម្របសម្រួល និងតាមដានការអនុវត្តកិច្ចព្រមព្រៀង WTO-TFA។

៣. ស្នើក្រុមការងារបច្ចេកទេសទាំងពីរ ដែលបានបង្កើតរួចហើយ អនុវត្តការងារឱ្យបានពេញលេញតាមភារកិច្ចរៀងៗខ្លួន។

៤. លេខាធិការដ្ឋាន និង ARISE Plus Cambodiaជំរុញបញ្ចប់ និងដាក់ឱ្យដំណើរការគេហទំព័ររបស់គណៈកម្មាធិការជាតិកិច្ចសម្រួលពាណិជ្ជកម្ម។

៥. ស្នើក្រសួង/ស្ថាប័នពាក់ព័ន្ធ ចូលរួមអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិឱ្យបានពេញលេញ និងផ្តល់ការគាំទ្រក្នុងការពង្រីកការអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិនៅដំណាក់កាលទី៣។

៦. លេខាធិការដ្ឋាន ត្រូវរៀបចំរបាយការណ៍ជូនគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អំពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការជាតិកិច្ចសម្រួលពាណិជ្ជកម្មលើកទី២នេះ។

អង្គប្រជុំបានលើកទឹកចិត្តដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់សូមបន្តចូលរួមផ្តល់យោបល់ និងចូលរួមអនុវត្តយ៉ាងសកម្មប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ គឺជាមូលដ្ឋានសំខាន់ដើម្បីឈានទៅដល់ការអនុវត្តតាមបញ្ញតិ្តនានានៃកិច្ចព្រមព្រៀង WTO-TFA បានពេញលេញនាពេលខាងមុខឆាប់ៗ ដែលជាការរួមចំណែកជំរុញកិច្ចសម្រួលពាណិជ្ជកម្ម បង្កើនបរិយាកាសវិនិយោគ និងភាពប្រកួតប្រជែងនៅកម្ពុជា ឱ្យកាន់តែមានភាពទាក់ទាញ និងល្អប្រសើរឡើងថែមទៀត ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១៧:០០នាទីល្ងាច ក្នុងបរិយាកាសរីករាយ យោគយល់គ្នា។

ចែករំលែក: