ថ្ងៃអង្គារ ១២កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ០១:០០នាទីថ្ងៃត្រង់ លោកជំទាវ នួន ពេជ្រសុផល អគ្គនាយករងជាន់ខ្ពស់សភាពាណិជ្ជកម្មកម្ពុជា តំណាង ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីប្រកាសដាក់ឱ្យដំណើរការគម្រោងកម្ពុជាហាវែស III ក្រោមអធិបតីភាព ឯកឧត្តម វ៉េង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយនឹង ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា និងវត្តមានឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា តំណាងអង្គការជាតិ-អន្តរជាតិ វិស័យឯកជន និងសហគមន៍កសិកម្មជាច្រើនផងដែរ។
គួរបញ្ជាក់ផងដែរថា គម្រោង Cambodia Harvest III គឺជាសកម្មភាពរយៈពេលប្រាំឆ្នាំ (ចាប់ពីខែមេសា ឆ្នាំ 2022 ដល់ខែមីនា ឆ្នាំ 2027) ដែលផ្តល់មូលនិធិដោយ USAID ដែលមានគោលបំណងលើកកម្ពស់កំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព និងទូលំទូលាយតាមរយៈការបង្កើនការធ្វើពិពិធកម្ម ការដាក់បញ្ចូលគ្នា និរន្តរភាព ភាពធន់ និងការប្រកួតប្រជែងក្នុងវិស័យកសិកម្មនៅកម្ពុជា។ គម្រោង III នឹងធ្វើការជាមួយអ្នកផលិត និងសមាគមអ្នកផលិត កសិពាណិជ្ជករ អ្នកផ្តល់សេវាកម្ម និងបច្ចេកវិទ្យា ស្ថាប័នហិរញ្ញវត្ថុ និងអ្នកវិនិយោគ និងអ្នកពាក់ព័ន្ធផ្សេងទៀតដែលសហការគ្នានៅទីតាំងផ្សេងៗគ្នាក្នុងប្រទេសកម្ពុជា និងជាមួយដំណាំផ្សេងៗ ដោយផ្អែកលើឱកាសអាជីវកម្ម និងសក្តានុពលនៅកម្ពុជា។
គម្រោងនេះនឹងធ្វើការជាមួយដៃគូក្នុងវិស័យកសិកម្ម អ្នកផ្គត់ផ្គង់បច្ចេកវិទ្យា ស្ថាប័នហិរញ្ញវត្ថុ និងភាគីពាក់ព័ន្ធដទៃទៀត ដើម្បីអភិវឌ្ឍនូវកម្លាំងការងារជំនាញ បង្កើតការងារ និងចាប់យកឱកាសទីផ្សារនានានៅក្នុងវិស័យកសិកម្ម តាមរយៈការចាប់ដៃគូជា មួយនឹងវិស័យឯកជន។ គម្រោងនឹងបន្តធ្វើការអភិវឌ្ឍទៅលើការងារដែល USAID បានធ្វើកន្លងមកដើម្បីលើកស្ទួយឱកាសសេដ្ឋកិច្ចប្រកបដោយចីរភាព និងបច្ចេកវិទ្យាកសិកម្មឆ្លាតវៃ។ តាមរយៈកិច្ចសហការជាមួយវិស័យឯកជន គម្រោងនឹងជួយលើក កម្ពស់ជីវភាព ជាពិសេសស្ត្រី យុវជន និងប្រជាជនងាយរងគ្រោះ។ ក្នុងរយៈពេលប្រាំឆ្នាំខាងមុខនេះ USAID រំពឹងថានឹងជំរុញឲ្យមានការវិនិយោគពីឯកជនក្នុងទឹកប្រាក់ទំហំ ៣៨លានដុល្លារ បង្កើតការងារជាង ៣.០០០កន្លែង ជួយកសិករ និងក្រុមហ៊ុនឯកជនឲ្យទទួលបានហិរញ្ញវត្ថុលើវិស័យកសិកម្មទំហំ ១៥លានដុល្លា និងបង្កើនការលក់កសិផលឲ្យបាន ១០០លានដុល្លារ។
ពិធីប្រកាសនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ០៤:៣០នាទីរសៀល ក្នុងបរិយាកាសរីករាយ យោគយល់គ្នា។