BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

គណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ «គ.ជ.ក.ប» រៀបចំកិច្ចប្រជុំជាលើកដំបូងរបស់ខ្លួន ដើម្បីកំណត់ផែនការសកម្មភាព ក្នុងកិច្ចការពារសិទ្ធិ និងផលប្រយោជន៍របស់អ្នកប្រើប្រាស់នៅកម្ពុជា

(ភ្នំពេញ)៖ នារសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្តីការក្រសួងពាណិជ្ជកម្ម គណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ «គ.ជ.ក.ប» បានរៀបចំកិច្ចប្រជុំលើកទី១របស់ខ្លួន ក្រោមអធិបតីភាព ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ ដោយមានចូលរួមពី ឯកឧត្តម លោកជំទាវ ជាអនុប្រធានអចិន្ត្រៃយ៍ អនុប្រធាន និងជាសមាជិកជាច្រើនរូបទៀត។

ថ្លែងទៅកាន់អង្គប្រជុំទាំងមូល ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាសន៍ថា គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីណែនាំអំពីសមាសភាពគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់«គ.ជ.ក.ប» ពិនិត្យរបាយការណ៍ដែលដាក់ជូនដោយលេខាធិការដ្ឋាន គ.ជ.ក.ប. និងកំណត់ផែនការសកម្មភាពរបស់ គ.ជ.ក.ប. ដែលនឹងត្រូវអនុវត្តក្នុងបុព្វហេតុការពារសិទ្ធិ និងផលប្រយោជន៍របស់អ្នកប្រើប្រាស់នៅកម្ពុជា ព្រោះ គ.ជ.ក.ប ដើរតួយ៉ាងសំខាន់ក្នុងការរៀបចំគោលនយោបាយ និងផែនការយុទ្ធសាស្រ្តពាក់ព័ន្ធនឹងកិច្ចការពារអ្នកប្រើប្រាស់ ក៏ដូចជាពិនិត្យ និងដោះស្រាយបណ្តឹងដែលពាក់ព័ន្ធនឹងកិច្ចការពារអ្នកប្រើប្រាស់។

ឯកឧត្តមរដ្ឋមន្រ្តីបានបន្តថា ប្រព័ន្ធ និងគោលនយោបាយក្នុងកិច្ចការពារអ្នកប្រើប្រាស់របស់ប្រទេសកម្ពុជាគឺមានលក្ខណៈក្មេងខ្ចីនៅឡើយ បើធៀបទៅនឹងប្រទេសក្នុងតំបន់ ហើយកិច្ចការពារអ្នកប្រើប្រាស់នេះក៏ជាប្រធានបទថ្មីសន្លាងសម្រាប់ប្រជាជនកម្ពុជាដែរ តែក្រោយការធ្វើកំណែទម្រង់តួនាទី និងភារកិច្ចរួចមក អគ្គនាយដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បានដាក់ចេញនូវគោលការណ៍ក្នុងកិច្ចការពារអ្នកប្រើប្រាស់ ជាសកម្មភាពអាទិភាពចម្បងរបស់អគ្គនាយដ្ឋាន និងរាជរដ្ឋាភិបាល។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីក៏បានលើកឡើងអំពីសារៈសំខាន់នៃវត្តមានរបស់សមាគមអ្នកប្រើប្រាស់ដែលជាតំណាងឱ្យអ្នកប្រើប្រាស់ និងផ្តល់ការប្រឹក្សាឯករាជ្យជូនដល់អ្នកប្រើប្រាស់ រួមទាំងសម្របសម្រួលបញ្ហាទាក់ទងនឹងអ្នកប្រើប្រាស់ផងដែរ។

ជាមួយគ្នានេះដែរ ឯកឧត្តម ផាន អូន អគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ជាសមាជិក និងជាលេខាធិការនៃ គ.ជ.ក.ប បានរាយការណ៍ជូនអង្គប្រជុំថា មន្រ្តីស៊ើបអង្កេតរបស់អគ្គនាយកដ្ឋាន ក.ប.ប. ចំនួន៥២៧រូប ត្រូវបានផ្តល់នីតិសម្បទាជានគរបាលយុត្តិធម៌ តាមរយៈប្រកាសអន្តរក្រសួងលេខ ១៣៣ កយ.ពណ.ប្រក/២០ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ ស្តីពីការផ្តល់នីតិសម្បទាជានគរបាលយុត្តិធម៌ និងបានរៀបចំនីតិវិធីសម្បថនៅមុខសាលាដំបូងរាជធានី-ខេត្តរួចរាល់ផងដែរ
ហើយអគ្គនាយកដ្ឋាន ក.ប.ប. ដែលជាសេនាធិការរបស់ គ.ជ.ក.ប. ក៏បានដាក់ចេញនូវផែនការសកម្មភាពបន្តរបស់ខ្លួនដោយបានបន្តរៀបចំ សកម្មភាពកសាងនូវលិខិតបទដ្ឋានគតិយុត្តមួយចំនួនទៀតពាក់ព័ន្ធនឹងការអនុវត្តបទប្បញ្ញត្តិស្ថិតនៅក្រោមច្បាប់ ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ដែលរួមមាន៖
១. សេចក្តីព្រាងប្រកាសស្តីពី នីតិវិធីនៃការដោះស្រាយតាមរយៈការចរចាចំពោះបទល្មើសក្រោមច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់
២. សេចក្តីព្រាងប្រកាសស្តីពីបែបបទ និងនីតិវិធីនៃការត្រួតពិនិត្យ និងស៊ើបអង្កេតក្រោមច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់
៣. សេចក្តីព្រាងប្រកាសអន្តរ​ក្រសួងស្តីពី ការគ្រប់គ្រងការផ្សាយពាណិជ្ជកម្ម និងការផ្សាយលក់ផលិតផលទំនិញ និងសេវា

បន្ថែមពីនេះឯកឧត្តមអគ្គនាយក បានអំពាវនាវឱ្យសាធារណៈជនទាំងអស់ដែលមានបណ្តឹងពាក់ព័ន្ធនឹងការរំលោភបំពានសិទ្ធិអ្នកប្រើប្រាស់ អាចដាក់ពាក្យបណ្តឹងមកអគ្គនាយកដ្ឋាន ក.ប.ប. តាមរយៈប្រព័ន្ធទំនាក់ទំនងសង្គម Facebook “អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ” ឬតាមរយៈអាសយដ្ឋាន ផ្លូវលេខ ១៨ ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សូមជម្រាបជូនថា ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ត្រូវបាន ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់ឡាយព្រះហស្ថលេខា ប្រកាសឲ្យប្រើប្រាស់កាលពីថ្ងៃទី០២ ខែវិចិ្ឆកា ឆ្នាំ២០១៩ ដោយក្នុងនោះមាត្រា ៥ បានចែងអំពីការបង្កើតនូវគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់នេះឡើង។ តាមរយៈអាណត្តិដែលត្រូវបានផ្តល់ឱ្យដោយច្បាប់ អនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ក៏ត្រូវទទួលបានការឯកភាពពីប្រមុខរាជរដ្ឋាភិបាល កាលពីថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០២០ រួមជាមួយសេចក្តីសម្រេចស្តីពីការតែងតាំងសមាសភាពនៃគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ មានសមាសភាពពីតំណាងក្រសួង ស្ថាប័នចំនួន ១២រូប ដែលមាន ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធាន គ.ជ.ក.ប. ហើយអគ្គនាយកដ្ឋាន ក.ប.ប. ជាសេនាធិការ និងជាលេខាធិការដ្ឋាន។

Share: