BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

កម្មវិធីជំនួបពាណិជ្ជកម្មជាមួយសមាជិក សមាជិកា សភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ ដើម្បីពង្រឹងបណ្តាញធុរកិច្ច និងស្វែងរកឱកាសវិនិយោគថ្មីៗ

(ខេត្តសៀមរាប)៖ នារសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយ ឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានអញ្ជើញចូលរួមក្នុងកម្មវិធីជំនួបពាណិជ្ជកម្មជាមួយសមាជិក សមាជិកា សភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ ដឹកនាំដោយ​ ឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ ប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ ព្រមទាំងមានការចូលរួមពីសំណាក់សមាជិក សមាជិកា ពាណិជ្ជករ និងម្ចាស់សិប្បកម្មក្នុងខេត្តសៀមរាប សរុបចំនួន ៦១ រូប។
ក្នុងឱកាសនោះ អ្នកចូលរួមបានធ្វើការផ្គូផ្គងធុរកិច្ច (Business Matching) និងដាក់តាំងបង្ហាញផលិតផលដែលមានសក្តានុពលក្នុងខេត្ត ដើម្បីផ្សព្វផ្សាយពីគុណភាព និងអត្តសញ្ញាណផលិតផលក្នុងស្រុក ព្រមទាំងបង្កើតឱកាសឱ្យធុរជនបានស្វែងយល់ពីផលិតផល និងសេវាកម្មរបស់គ្នាទៅវិញទៅមក។
សភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ ក៏បានធ្វើបទបង្ហាញសង្ខេបអំពីសក្តានុពលសេដ្ឋកិច្ច និងឱកាសវិនិយោគក្នុងខេត្តសៀមរាប ដោយបង្ហាញពីបរិយាកាសធុរកិច្ច វិស័យអាទិភាព និងលទ្ធភាពនៃការអភិវឌ្ឍអាជីវកម្មនៅក្នុងតំបន់។ ជាក់ស្តែង ខេត្តសៀមរាបមិនត្រឹមតែជាគោលដៅទេសចរណ៍ដ៏លេចធ្លោរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានសក្តានុពលលើវិស័យកសិកម្ម កសិឧស្សាហកម្ម សេវាកម្ម និងពាណិជ្ជកម្ម ដែលអាចបង្កើតជាឱកាសវិនិយោគ និងការរីកចម្រើនសេដ្ឋកិច្ចក្នុងតំបន់។
តាមរយៈជំនួបនេះ សមាជិក សមាជិកា និងធុរជនទាំងពីរភាគីបានទទួលឱកាសដ៏មានតម្លៃក្នុងការជួបសំណេះសំណាល ផ្លាស់ប្តូរយោបល់ ចែករំលែកបទពិសោធន៍ និងស្វែងយល់ពីតម្រូវការទីផ្សារ ព្រមទាំងសក្តានុពលអាជីវកម្មរបស់គ្នាទៅវិញទៅមក។ ជាពិសេស សកម្មភាពជំនួបពាណិជ្ជកម្មបានរួមចំណែកបើកច្រកឱ្យធុរជនស្វែងរកដៃគូសហការ ពង្រីកបណ្តាញទីផ្សារ ជំរុញការចែកចាយផលិតផល និងស្វែងរកលទ្ធភាពបង្កើតកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មថ្មីៗ ដែលអាចនាំមកនូវអត្ថប្រយោជន៍ជាក់ស្តែងដល់អាជីវកម្ម។
គួរបញ្ជាក់ថា កម្មវិធីទស្សនកិច្ចពាណិជ្ជកម្មខេត្តសៀមរាប ឆ្នាំ២០២៦ ត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់សមត្ថភាព និងពង្រឹងចំណេះដឹងរបស់ម្ចាស់អាជីវកម្ម តាមរយៈការសិក្សាស្វែងយល់ដោយផ្ទាល់ពីដំណើរការគ្រប់គ្រងអាជីវកម្ម ការគ្រប់គ្រងសង្វាក់ផលិតកម្ម ការអភិវឌ្ឍផលិតផល និងការរៀបចំយុទ្ធសាស្ត្រពង្រីកទីផ្សារ។ ទន្ទឹមនឹងនេះ កម្មវិធីក៏ផ្តល់ឱកាសដល់ធុរជនក្នុងការកសាងបណ្តាញទំនាក់ទំនង និងស្វែងរកដៃគូពាណិជ្ជកម្មសម្រាប់កិច្ចសហការនាពេលអនាគត។
កម្មវិធីទស្សនកិច្ចពាណិជ្ជកម្មនេះរៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ សហការជាមួយមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច និងមូលនិធិអភិវឌ្ឍន៍ជំនាញ ព្រមទាំងទទួលបានការគាំទ្រពីសហគ្រិនខ្មែរ និងការឧបត្ថម្ភពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ធនាគារវីង (ខេមបូឌា) ម.ក. ធនាគារប្រៃសណីយ៍កម្ពុជា ក.អ. និងកំពង់ផែស្វយ័តភ្នំពេញ៕
រូបភាព និងអត្ថបទ៖ នាយកដ្ឋានទំនាក់ទំនងសភាពាណិជ្ជកម្មខេត្ត-ក្រុង

Share: