(ខេត្តសៀមរាប)៖ ក្នុងឱកាសកម្មវិធីទស្សនកិច្ចពាណិជ្ជកម្មខេត្តសៀមរាប គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ពាណិជ្ជករ និងម្ចាស់អាជីវកម្ម ដែលដឹកនាំដោយ ឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពី ឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ ព្រមទាំងសមាជិក សមាជិកា និងពាណិជ្ជករក្នុងខេត្តសៀមរាប តាមរយៈពិធីទទួលទានអាហារសាមគ្គីក្នុងបរិយាកាសស្និទ្ធស្នាល និងប្រកបដោយភាពរីករាយ។
ពិធីអាហារសាមគ្គីនេះ បានបង្ហាញពីស្មារតីសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងពាណិជ្ជករ និងម្ចាស់អាជីវកម្មមកពីតំបន់ផ្សេងៗគ្នា ព្រមទាំងជាឱកាសដ៏ល្អសម្រាប់អ្នកចូលរួមក្នុងការជួបជុំ សំណេះសំណាល ផ្លាស់ប្តូរយោបល់ និងចែករំលែកបទពិសោធន៍ពាក់ព័ន្ធនឹងការប្រកបអាជីវកម្ម និងការអភិវឌ្ឍធុរកិច្ច។
ជាមួយគ្នានេះ ការជួបជុំក្នុងឱកាសនេះ ក៏បានរួមចំណែកពង្រឹងទំនាក់ទំនងរវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ ព្រមទាំងបង្កើនឱកាសក្នុងការតភ្ជាប់បណ្តាញធុរកិច្ច ស្វែងរកដៃគូសហការ និងបង្កើតទំនាក់ទំនងពាណិជ្ជកម្មថ្មីៗ ដែលអាចរួមចំណែកដល់ការពង្រីកអាជីវកម្ម និងជំរុញសកម្មភាពពាណិជ្ជកម្មរវាងពាណិជ្ជករនាពេលអនាគត។
កម្មវិធីទស្សនកិច្ចពាណិជ្ជកម្មនេះរៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ សហការជាមួយមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច មូលនិធិអភិវឌ្ឍន៍ជំនាញ ព្រមទាំងទទួលបានការគាំទ្រពីសហគ្រិនខ្មែរ និងការឧបត្ថម្ភពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ធនាគារវីង (ខេមបូឌា) ម.ក. ធនាគារប្រៃសណីយ៍កម្ពុជា ក.អ. និងកំពង់ផែស្វយ័តភ្នំពេញ៕
រូបភាព និងអត្ថបទ៖ នាយកដ្ឋានទំនាក់ទំនងសភាពាណិជ្ជកម្មខេត្ត-ក្រុង







BECOME A MEMBER
