នាថ្ងៃសុក្រ ៤រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ ឧកញ៉ា គួច ផេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួមជាវាគ្មិនក្នុងវេទិកាធុរកិច្ចមេគង្គ-សាធារណរដ្ឋកូរ៉េលើកទី៨ តាមប្រព័ន្ធវីឌីអូ ដោយវេទិកានេះត្រូវបានរៀបចំឡើងក្រោមមូលបទ “ធុរកិច្ចក្នុងប្រក្រតីភាពតាមគន្លងថ្មី ដោយផ្លាស់ប្ដូរពីភាពងាយរងគ្រោះទៅជាភាពល្អប្រសើរឡើងវិញ”។
វេទិកាធុរកិច្ចមេគង្គ-សាធារណរដ្ឋកូរ៉េ ត្រូវបានរៀបចំឡើងក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-សាធារណរដ្ឋកូរ៉េ ដែលមានគោលបំណងលើកកម្ពស់ការធ្វើសមាហរណកម្មក្នុងតំបន់ នវានុវត្តន៍ និងការប្រកួតប្រជែងសេដ្ឋកិច្ចសម្រាប់បណ្ដាប្រទេសតាមដងទន្លេមេគង្គ និងសាធារណរដ្ឋកូរ៉េ។ វេទិកានេះ ត្រូវបានប្រព្រឹត្តិទៅតាមប្រព័ន្ធវីដេអូដោយមានការចូលរួមពីតំណាងរបស់ស្ថាប័នរដ្ឋ សភាពាណិជ្ជកម្ម សហគ្រាស អញ្ជើញមកពីបណ្ដាប្រទេសតាមដងទន្លេមេគង្គ និងសាធារណរដ្ឋកូរ៉េ ដោយផ្ដោតលើប្រធានបទសំខាន់ៗ រួមទាំង ផលប៉ះពាល់នៃជំងឺកូវិដ-១៩ បញ្ហាប្រឈម និងឱកាសរបស់សហគ្រាសធុនតូចនិងមធ្យមក្នុងការធ្វើធុរកិច្ច និងគោលនយោបាយរបស់រដ្ឋាភិបាលគាំទ្រដល់សហគ្រាស/ក្រុមហ៊ុនក្រោយវិបត្តិជំងឺកូវិដ-១៩។ ក្នុងឱកាសនៃវេទិកានេះផងដែរ ឧកញ៉ា គួច ផេង បានចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាស្ដីពី “កាលានុវត្តភាព និងបញ្ហាប្រឈមរបស់សហគ្រាសធុនតូចនិងមធ្យមក្នុងអំឡុងពេល និងក្រោយវិបត្តិជំងឺកូវិដ-១៩”។ ក្នុងកិច្ចពិភាក្សានេះ ឧកញ៉ាបានធ្វើបទបង្ហាញចែករំលែកមតិយោបល់ និងអនុសាសន៍សំខាន់ៗដូចខាងក្រោម៖
១. ការលើកលែងពន្ធសម្រាប់វិស័យប៉ះពាល់ផ្ទាល់ ដូចជា វិស័យទេសចរណ៍ វិស័យកាត់ដេរ ស្បែកជើង ។ល។
២. ការគាំទ្រផ្នែកហិរញ្ញវត្ថុ
៣. ជំនួយជាសាច់ប្រាក់សម្រាប់គ្រួសារក្រីក្រ
៤. ការគាំទ្ររបស់ស្ថាប័នហិរញ្ញវត្ថុសម្រាប់ប្រាក់កម្ចី
៥. ការធ្វើសហរិញ្ញប្បទាន និង
៦. ប្រាក់កម្ចីពិសេសពីរាជរដ្ឋាភិបាល
ឧកញ៉ា ក៏បានស្នើឱ្យបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងតំបន់តាមរយៈ ១.ការចែករំលែក និងអនុវត្តបច្ចេកវិទ្យា ២.ការបង្កើតគំរូធុរកិច្ចមាននិរន្តរភាព ៣.នវានុវត្តន៍ឌីជីថល ៤.ការធ្វើសមកាលកម្មទិន្នន័យ និង៥.ការអភិវឌ្ឍមូលធនមនុស្ស។