(រាជធានីភ្នំពេញ) នាព្រឹកថ្ងៃសុក្រ ៤កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា និង លោកជំទាវ ម៉ៅ ចំណាន គិតម៉េង បានអញ្ជើញចូលរួម ពិធីបើកជាផ្លូវការ នៃព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី»។
ពិធីបើកជាផ្លូវការនៃព្រឹត្តិការណ៍នេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែ ព្រមទាំងមានការអញ្ជើញចូលរួម ចូលរួមលោកជំទាវ Louise Mushikiwabo អគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ ដឹកនាំរាជរដ្ឋាភិបាល តំណាងគណៈកម្មការនៃរដ្ឋសភា និងព្រឹទ្ធសភា វិស័យឯកជន ដៃគូជាតិនិងអន្តរជាតិ និង រដ្ឋបាលរាជធានីនិងខេត្ត ៕
ភូមិហ្វ្រង់កូហ្វូនីនឹងបើកទទួលស្វាគមន៍គណៈប្រតិភូ ភ្ញៀវទេសចរ ជាតិ-អន្តរជាតិ និងសាធារណជន ចាប់ពីម៉ោង១០និង០០នាទី ព្រឹក រហូតដល់ម៉ោង ៩និង០០នាទី យប់ ដោយមាន កម្មវិធីចម្រុះប្រកបដោយភាពសម្បូរបែប និងមានភាពរស់រវើក ក្នុងនោះរួមមាន៖
១- តំបន់ពន្លាជាតិ ដែលមានការតាំងបង្ហាញអំពីអត្តសញ្ញាណជាតិ វប្បធម៌ ប្រពៃណី សិល្បៈ សក្តានុពល ទេសចរណ៍ និងសមិទ្ធផលនានារបស់ប្រទេស/រដ្ឋ/តំបន់ដែលជាសមាជិកអង្គការ OIF និងស្ថាប័ន ចំណុះអង្គការ OIF ចំនួន ៧៣ ទីតាំងពន្លា។
២- ការរៀបចំសន្និសីទ និងកិច្ចពិភាក្សានានា មានចំនួនប្រមាណ ៤០ កម្មវិធី។
៣- ការសម្តែងសិល្បៈ និងវប្បធម៌របស់បណ្តាប្រទេសសមាជិកអង្គការ OIF និងទស្សនីយភាពសិល្បៈ របស់កម្ពុជា ដែលរៀបចំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលមានប្រមាណជាង ៥០ កម្មវិធី។
៤- ការតាំងពិព័រណ៍ទូទៅ ដោយមានការចូលរួមពីបណ្តាប្រទេសអង្គការ OIF ក្រសួង ស្ថាប័នសាធារណៈ រដ្ឋបាលរាជធានី-ខេត្ត សមាគម អង្គការជាតិ-អន្តរជាតិ និងវិស័យឯកជន សរុបចំនួន ១៣០ ស្តង់។
៥- ភូមិអាហារហ្វ្រង់កូហ្វូនី ដែលមានការបង្ហាញ និងផ្សព្វផ្សាយម្ហូបអាហារ ភេសជ្ជៈ និងផលិតផល ម្ហូបអាហារអត្តសញ្ញាណរបស់កម្ពុជា និងបណ្តាប្រទេសក្នុងសហគមន៍ហ្វ្រង់កូហ្វូនី សរុបចំនួន ៣០ ស្តង់ នឹងសកម្មភាពអមជាច្រើនទៀត។














BECOME A MEMBER
