BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

កម្មវិធីជជែកពិភាក្សា (Tea Talk) លើកទី១ ស្តីពី «ការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ» ជាមួយវិស័យឯកជន The 1st Anti-Counterfeit Tea Talk on "Combating Counterfeit Products" with the Private Sector.

(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ១៤:០០នាទី នៅបន្ទប់ខេត្តបាត់ដំបង ជាន់ផ្ទាល់ដី ទីស្តីការក្រសួងមហាផ្ទៃ - អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណ:កម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តកានៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.ឯ.រ.ជ) ដឹកនាំគណៈប្រតិភូតំណាងវិស័យឯកជន ចូលរួមក្នុងកម្មវិធីជជែកពិភាក្សា (Tea Talk) លើកទី១ ស្តីពី «ការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ» ក្រោមអធិបតីភាព ឯកឧត្តម នៅ លក្ខណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ជ.ក.) និង កម្មវិធីជជែកពិភាក្សានេះក៏មានការចូលរួមផងដែរពីសំណាក់សមាជិក-សមាជិកានៃ គ.ប.ជ.ក. អនុប្រធាន និងសមាជិកសភាពាណិជ្ជកម្មកម្ពុជា សហប្រធាន ឬតំណាងក្រុមការងារផ្នែកឯកជនទាំង ៧ វិស័យពាក់ព័ន្ធ (ផ្នែកកសិកម្ម និងកសិ-ឧស្សាហកម្ម, ផ្នែកទេសចរណ៍, ផ្នែកកម្មន្តសាល សហគ្រាសធុនតូច និងមធ្យម និងសេវា, ផ្នែកផលិតកម្មកែច្នៃសម្រាប់ការនាំចេញ និងកិច្ចសម្រួលពាណិជ្ជកម្ម, ផ្នែកអប់រំ, ផ្នែកសុខាភិបាល និងផ្នែកសេដ្ឋកិច្ច សង្គមឌីជីថលូបនីយកម្ម និងទូរគមនាគមន៍) ព្រមទាំង លោក Paul Clements ប្រធានសភាពាណិជ្ជកម្មអន្តរជាតិ ឧកញ៉ាសាស្ត្រាចារ្យមហាបណ្ឌិត ឡី សុភាព ប្រធានសមាគមសហព័ន្ធវិនិយោគិនកម្ពុជា តំណាងសភាពាណិជ្ជកម្មបរទេស និងធុរជនពាក់ព័ន្ធជាច្រើនរូបទៀត។
កម្មវិធីនេះរៀបចំឡើងស្របតាមចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងគោលបំណងជជែកពិភាក្សាយ៉ាងស្និទ្ធស្នាល និងផ្លាស់ប្តូរធាតុចូលគន្លឹះរវាងសមត្ថកិច្ចជំនាញ និងវិស័យឯកជន ជុំវិញកិច្ចការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងការនាំចូលមិនស្របច្បាប់ ដើម្បីការពារសុខុមាលភាពប្រជាពលរដ្ឋ លើកកម្ពស់ការប្រកួតប្រជែងដោយស្មោះត្រង់ និងធានាបាននូវបរិយាកាសធុរកិច្ចប្រកបដោយតម្លាភាព និងសុវត្ថិភាពខ្ពស់។
ក្នុងឱកាសនោះ តំណាងវិស័យឯកជនបានលើកឡើងនូវចំណុចកង្វល់ សំណើ និងទស្សនទានគន្លឹះសំខាន់ៗរួមមាន៖ ១. ការទប់ស្កាត់ផលិតផលក្លែងក្លាយ និងការនាំចូលខុសច្បាប់៖ ជំរុញការអនុវត្តច្បាប់ប្រកបដោយប្រសិទ្ធភាព និងយុត្តិធម៌ ដើម្បីទប់ស្កាត់ការហូរចូលទំនិញគ្មានប្រភពដើម និងស្តង់ដារច្បាស់លាស់ ដែលបង្កគ្រោះថ្នាក់ដល់សុខភាពអ្នកប្រើប្រាស់ និងបង្កើតការប្រកួតប្រជែងមិនស្មោះត្រង់។ ២. ការរឹតបន្តឹងការត្រួតពិនិត្យវត្ថុធាតុដើម និងសារធាតុផ្សំ៖ ស្នើពង្រឹងការត្រួតពិនិត្យវិភាគគុណភាព (Lab Tests) និងការបញ្ជាក់ស្តង់ដារឱ្យបានម៉ឺងម៉ាត់ចាប់ពីច្រកទ្វារព្រំដែន និងទីតាំងវេចខ្ចប់ក្នុងស្រុក ជាពិសេសលើចំណីអាហារ អាហារបំប៉ន ភេសជ្ជៈប៉ូវកម្លាំង ឱសថ និងគ្រឿងសម្អាង។ ៣. ការលើកទឹកចិត្ត និងសម្រួលដល់ «ផលិតផលខ្មែរធ្វើបាន»៖ ស្នើជួយសម្រួលនីតិវិធីរដ្ឋបាល ការនាំចេញ-នាំចូល និងកាត់បន្ថយបន្ទុកចំណាយក្រៅផ្លូវការ ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុកដែលមានស្តង់ដារគុណភាព ឱ្យមានសមត្ថភាពប្រកួតប្រជែងទាំងលើទីផ្សារជាតិ និងអន្តរជាតិ។ ៤. ការពង្រឹងកិច្ចសហប្រតិបត្តិការ រដ្ឋ-ឯកជន៖ ប្តេជ្ញាបន្តសហការយ៉ាងជិតស្និទ្ធជាមួយ គ.ប.ជ.ក. និងក្រសួងមហាផ្ទៃ តាមរយៈយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (G-PSF) ការផ្លាស់ប្តូរព័ត៌មានទីផ្សារ និងការអប់រំផ្សព្វផ្សាយដល់ធុរជន។
កម្មវិធីជជែកពិភាក្សានេះបានបញ្ចប់នៅវេលាម៉ោង ១៧:០០នាទីល្ងាច ក្រោមបរិយាកាសស្និទ្ធស្នាល និងទទួលបានលទ្ធផលជាផ្លែផ្កា។ 

​​​​​​​

Share: