(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៨ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ៧:៣០ នាទីព្រឹក នៅសណ្ឋាគារ Steigenberger Hotel Phnom Penh មានរៀបចំកិច្ចប្រជុំអាហារពេលព្រឹកពិភាក្សាការងាររវាងរដ្ឋ និងផ្នែកឯកជន លើកទី៤ (4th Public-Private Sector Breakfast Briefing) ក្រោមប្រធានបទ «កម្មវិធីកិច្ចសម្រួលបទប្បញ្ញត្តិរវាង ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក.អ.ក និង សភាពាណិជ្ជកម្មអ៊ឺរ៉ុប» (CDC – EuroCham Regulatory Facilitation Program), ឧកញ៉ា បណ្ឌិត គួច ផេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាតំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណ:កម្មការ គ.ស.ឯ.រ.ជ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងមានការអញ្ជើញចូលរួមថ្លែងសុន្ទរកថាគន្លឹះដោយ ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតនៃសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោក Tassilo Brinzer ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham Cambodia)។
កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់ កម្មវិធីជំនួបអាហារពេលព្រឹកធុរកិច្ចលើកទី៤ នេះ មានការអញ្ជើញចូលរួមពី សំណាក់តំណាងក្រសួង ស្ថាប័នដែលជាសហប្រធានក្រុមការងារតាមវិស័យនៃយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន, ព្រមទាំងតំណាងអង្គទូត ដៃគូអភិវឌ្ឍន៍រួមមាន តំណាង ADB, World Bank, UN, GIZ ជាដើម, និងសភាពាណិជ្ជកម្មនៃប្រទេសចិន, សហភាពអឺរ៉ុប, ជប៉ុន, កូរ៉េ, និង សហរដ្ឋអាម៉េរិក សរុបប្រមាណ៩០រូប។
កិច្ចប្រជុំនេះមានគោលបំណងដើម្បី៖
១. ពិភាក្សា និងផ្លាស់ប្តូរយោបល់ដោយស្មោះត្រង់លើការកាត់បន្ថយនីតិវិធីរដ្ឋបាលស្មុគស្មាញ (Red Tape) និងការសម្រួលឯកសារធុរកិច្ច ដើម្បីកាត់បន្ថយការចំណាយ និងបង្កើនភាពទាក់ទាញនៃការវិនិយោគ
២. ដោះស្រាយបញ្ហាប្រឈមចំពោះមុខលើប្រព័ន្ធឌីជីថលដែលនៅដាច់ដោយឡែកពីគ្នា និងលើកកម្ពស់ការប្រកួតប្រជែងដោយស្មើភាព (Level Playing Field) សម្រាប់ក្រុមហ៊ុនដែលអនុវត្តអនុលោមភាពត្រឹមត្រូវ
៣. ពង្រឹងទំនុកចិត្តវិនិយោគិន ត្រៀមលក្ខណៈសម្រាប់ការចាកចេញពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួច (LDC) និងរៀបចំយន្តការសហការរវាងរដ្ឋ និងឯកជន ឆ្ពោះទៅកាន់វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (G-PSDF) លើកទី២០។
សូមជម្រាបជូនថា នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការជំរុញការកែទម្រង់មុតស្រួចជាកញ្ចប់ ដោយរួមមាន៖
• ការកែទម្រង់ស្ថាប័នក្រុមប្រឹក្សាអភិវឌ្ឍន៍ (CDC)៖ ការរៀបចំវិសោធនកម្មច្បាប់ដើម្បីប្រែក្លាយ CDC ទៅជាទីភ្នាក់ងារជំរុញការវិនិយោគ (IPA) ឯករាជ្យ ដែលផ្តល់សេវាច្រកចេញ-ចូលតែមួយពេញលេញ (Single Window) ក្នុងការរត់ការឯកសារជំនួសវិនិយោគិន និងមានអង្គភាព After-Care Unit ប្រចាំការដោះស្រាយបញ្ហាជាប់ជាប្រចាំ។
• ការពន្លឿនសមាហរណកម្មឌីជីថល (CamDX)៖ ការតភ្ជាប់ប្រព័ន្ធ cdcIPM ជាមួយគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធក្នុងពេលដំណាលគ្នា (Parallel Integration) ព្រមទាំងការតភ្ជាប់ប្រព័ន្ធជាមួយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) ដែលជិតរួចរាល់ ១០០% ដើម្បីលុបបំបាត់ការប្រើប្រាស់ក្រដាស។
• ការកាត់បន្ថយថ្លៃដើមដឹកជញ្ជូន និងការចំណាយក្រៅផ្លូវការ៖ ការប្តេជ្ញាលុបបំបាត់ការចំណាយដែលគ្មានវិក្កយបត្រ (Expenses without invoices), ការពន្លឿនគម្រោងពង្រីកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលនឹងជួយបញ្ចុះថ្លៃកុងតឺន័របានប្រមាណ ២០០ ដុល្លារក្នុងជំហានទី១ និង ២០% ទៅ ៣០% ក្នុងជំហានទី៣ ព្រមទាំងការកំណត់ឱ្យប្រើប្រាស់កម្មវិធី PASNet ជាកាតព្វកិច្ចត្រឹមខែមករា ខាងមុខ ដើម្បីលុបបំបាត់ការកកស្ទះ។
• យន្តការជួបពិភាក្សាផ្ទាល់ «Open Day ជាមួយ ឯ.ឧ ឧបនាយករដ្ឋមន្ត្រី»៖ ផ្ដល់ឱកាសឱ្យក្រុមហ៊ុនជួបពិភាក្សាដោយសម្ងាត់ ១ ទល់នឹង ១ ជាមួយ ឯ.ឧ ឧបនាយករដ្ឋមន្ត្រី ដើម្បីដោះស្រាយបញ្ហាប្រឈមចំពោះមុខ។
ថ្លែងទៅកាន់អង្គពិធី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាល ជាពិសេសស្ថាប័ន ក.អ.ក. ផ្ទាល់ ក្នុងការធ្វើកំណែទម្រង់ផ្ទៃក្នុងដ៏មុតស្រួច សំដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពការអនុវត្តការងារស្នូលរបស់ស្ថាប័ន រួមមានជាអាទិ៍៖ (១)ការលើកកម្ពស់ និងទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសមកកាន់កម្ពុជា តាមរយៈការកាត់បន្ថយនូវនីតិវិធី និងចំណាយមិនចាំបាច់ផ្សេងៗ, (២)ការផ្តល់កិច្ចសម្របសម្រួលវិនិយោគគ្រប់ជ្រុងជ្រោយ ចាប់តាំងពីការដាក់ពាក្យស្នើសុំវិនិយោគ រហូតដល់គម្រោងវិនិយោគអាចចាប់ផ្តើមប្រតិបត្តិការបានដោយរលូន, និង (៣)ការផ្តល់សេវាថែទាំ និងគាំទ្រការវិនិយោគយ៉ាងជិតស្និទ្ធ ដើម្បីធានាបាននូវការជឿទុកចិត្ត និងភាពជោគជ័យយូរអង្វែងរបស់វិនិយោគិនបរទេសនៅកម្ពុជា។
ទន្ទឹមនឹងនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានស្នើឱ្យផ្នែកឯកជន និងសភាពាណិជ្ជកម្មទាំងអស់ សហការរៀបចំទម្រង់ថ្មីសម្រាប់វេទិកា G-PSDF លើកទី២០ ដោយបង្វែរទិសដៅពីការលើកឡើងត្រឹមបញ្ហាប្រឈមដាច់ដោយឡែក មកជាការរួមគ្នាបង្កើតផែនទីបង្ហាញផ្លូវ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យដែលមានតម្លៃបន្ថែមខ្ពស់ (ដូចជា គ្រឿងអេឡិចត្រូនិច យានយន្ត និងកែច្នៃចំណីអាហារ) ដើម្បីជំរុញកម្ពុជាឱ្យសម្រេចបានចក្ខុវិស័យឆ្នាំ២០៣០ និង២០៥០។
កិច្ចប្រជុំនេះបានបញ្ចប់នៅវេលាម៉ោង ៩:០០ នាទីព្រឹក ក្រោមបរិយាកាសស្និទ្ធស្នាល ស្មោះត្រង់ និងទទួលបានលទ្ធផលជាផ្លែផ្កាគួរជាទីមោទនៈ។








BECOME A MEMBER
