នាល្ងាច ថ្ងៃអង្គារ ៣រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦អ្នកឧកញ៉ា ឡាវ កាង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានអញ្ជើញចូលរួមពិធីជប់លៀងស្វាគមន៍ទទួលបដិសណ្ឋារកិច្ចសម្រាប់គណៈប្រតិភូធុរកិច្ចរបស់អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) និងទីភ្នាក់ងាររុករកអវកាសជប៉ុន (JAXA) នៅស្ថានទូតជប៉ុន។
កិច្ចកម្មវីធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម ហាក់ សុខហេង រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក WAKABAYASHI Kohei ប្រធានតំណាងអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) ប្រចាំរាជធានីភ្នំពេញ និងលោក OCHIAI Osamu នាយកមជ្ឈមណ្ឌលស្រាវជ្រាវសង្កេតការណ៍ផែនដី នៃភ្នាក់ងាររុករកអវកាសជប៉ុន (JAXA)។
លោក មិស៊ូមិ តាកាហ៊ីតុ (MISUMI Takahito) ភារធារីស្តីទីស្ថានទូតជប៉ុន មានសេចក្តីសោមនស្សរីករាយជាខ្លាំង ដែលបានរៀបចំពិធីនាយប់នេះ រួមគ្នាជាមួយ JETRO និង JAXA។ លោកសង្ឃឹមយ៉ាងមុតមាំថា ពិធីលៀងនាយប់នេះ នឹងផ្តល់ឱកាសឱ្យធុរជននៃប្រទេសទាំងពីរបន្ដផ្គូរផ្គងទំនាក់ទំនងធុរកិច្ចឱ្យកាន់តែរឹងមាំបន្ថែមទៀត។ លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជម្រុញកិច្ចសហប្រតិបត្តិការធុរកិច្ច និងការលើកកម្ពស់ការ "បង្កើតថ្មីរួមគ្នា" ដើម្បីរួមចំណែកក្នុងសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ។













BECOME A MEMBER
