(រាជធានីភ្នំពេញ)៖ នារសៀលថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២៦ សភាពាណិជ្ជកម្មកម្ពុជា បានចូលរួមសហការ និងសម្របសម្រួលក្នុងការរៀបចំវេទិកាពិភាក្សាក្រោមប្រធានបទ៖ “ហេតុអ្វីគួរប្រើស្លាកសញ្ញាស្ដង់ដារលើសំបកវេចខ្ចប់ផលិតផល?” ដែលជាវេទិកាសំខាន់មួយ ស្ថិតក្នុងចំណោមវេទិកាសំខាន់ៗជាច្រើនទៀតដែលមាននៅក្នុងវេទិកាថ្នាក់ជាតិ ផេកថក (PackTalk Cambodia 2026) និងពិព័រណ៍អន្ដរជាតិស្ដីពី បច្ចេកវិទ្យាផលិត កែច្នៃអាហារ ភេសជ្ជៈ និងការវេចខ្ចប់នៅកម្ពុជា ចាប់ពីថ្ងៃទី២៨ ដល់៣០ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
វេទិកាខាងលើនេះមានការចូលរួមពីវាគ្មិនកិត្តិយសសំខាន់ៗរួមមាន៖ ឯកឧត្តមបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា, លោកជំទាវឧកញ៉ា កែវ មុំ ស្ថាបនិកក្រុមហ៊ុននំស្រួយ លី លី, លោក ជា ថារក្ស ប្រធាននាយកដ្ឋានវិញ្ញាបនបត្រកម្ម នៃវិទ្យាស្ថានស្ដង់ដារកម្ពុជា នៃក្រសួង ឧ.វ.ប.ន និងលោកស្រី លឹម ពិសី ស្ថាបនិក និងអគ្គនាយិកា ក្រុមហ៊ុន ComZone Asia Co., Ltd.
វេទិកាពិភាក្សានេះ មានគោលបំណងដើម្បីចែករំលែកបទពិសោធន៍ និងលើកកម្ពស់ការយល់ដឹងអំពីការប្រើប្រាស់ស្លាកសញ្ញាស្ដង់ដារទៅលើផលិតផល និងសំបកវេចខ្ចប់ ឱ្យបានត្រឹមត្រូវ ដើម្បីលើកកម្ពស់គុណភាព និងសុវត្ថិភាពផលិតផល បង្កើតតម្លៃបន្ថែម ពង្រឹងម៉ាកយីហោ ជំរុញការវេចខ្ចប់ប្រកបដោយចីរភាព និងពង្រីកលទ្ធភាពចូលទៅកាន់ទីផ្សាររបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម កម្ពុជា។
សូមជម្រាបជូនថា ផេកថក (PackTalk) គឺជាវេទិកាថ្នាក់ជាតិដ៏មានសារៈសំខាន់ ដែលផ្តោតជាចម្បងលើការអភិវឌ្ឍន៍វិស័យវេចខ្ចប់ ក្នុងគោលដៅលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់សហគ្រាសធុនតូច និងមធ្យម (SMEs)។ វេទិកានេះត្រូវបានរៀបចំឡើងជាមួយគ្នានឹងពិព័រណ៍អន្ដរជាតិស្ដីពី បច្ចេកវិទ្យាផលិត កែច្នៃអាហារ ភេសជ្ជៈ និងការវេចខ្ចប់នៅកម្ពុជា ដើម្បីជំរុញការប្រើប្រាស់ការវេចខ្ចប់ជាយុទ្ធសាស្រ្តទីផ្សារ ព្រមទាំងផ្តល់នូវសេវាប្រឹក្សាយោបល់ និងឱកាសពង្រីកបណ្តាញទំនាក់ទំនងធុរកិច្ចយ៉ាងទូលំទូលាយ។
រូបភាព និងអត្ថបទ៖ នាយកដ្ឋានទំនាក់ទំនងសភាពាណិជ្ជកម្មខេត្ត-ក្រុង










BECOME A MEMBER
