(រាជធានីភ្នំពេញ) នាល្ងាចថ្ងៃចន្ទ ១០កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា និងថ្នាក់ដឹកនាំសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយស ក្នុងពិធីជប់លៀងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៧ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន (១ តុលា ១៩៤៩ - ១ តុលា ២០២៦) ដែលរៀបចំឡើងដោយស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជាយ៉ាងមហោឡារិក នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រា។
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា, ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់នៃស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ តំណាងអង្គទូត និងស្ថាប័នសិក្សាស្រាវជ្រាវនានាជាច្រើនរូប។
ខួបអនុស្សាវរីយ៍លើកទី៧៧ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ដែលរៀបចំដោយស្ថានទូតចិននៅព្រះរាជាណាចក្រកម្ពុជានៅពេលនេះស្របពេល ដែលទំនាក់ទំនងរវាងប្រទេសទាំងពីរទាំងស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិកំពុងវិវឌ្ឍរីកចម្រើនលើផ្លូវវិជ្ជមានគួរឲ្យកត់សំគាល់ ដោយបានរួមចំណែកបន្តពូនជ្រំ «សហគមន៍វាសនារួមកម្ពុជា-ចិន នៅគ្រប់រដូវកាល ក្នុងយុគសម័យថ្មី» ប្រកបដោយគុណភាពខ្ពស់ និងរឹងមាំ ដើម្បីរក្សាបាននូវសន្តិភាព ស្ថិរភាព ការអភិវឌ្ឍប្រកបដោយចីរភាព ព្រមទាំងនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់សេដ្ឋកិច្ច និងប្រជាជននៃប្រទេសទាំងពីរកម្ពុជា-ចិន ឱ្យកាន់តែរុងរឿង និងស្ថិតស្ថេរជាអមតៈ៕












BECOME A MEMBER
