BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

ជំនួបពិភាក្សាការងាររវាង សភាពាណិជ្ជកម្មកម្ពុជា និង សភាពាណិជ្ជកម្មអាមេរិក-កម្ពុជា

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃពុធ ១២រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូធុរកិច្ចអាមេរិកដឹកនាំដោយ លោកស្រី ចាន់ សុខវាសនា ស្ថាបនិក និងជាប្រធានសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា (ACBC)។
ក្នុងឱកាសនៃជំនួបនេះ លោកស្រី ចាន់ សុខវាសនា បានសម្តែងនូវក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅរបស់ អ្នកឧកញ៉ា គិត ម៉េង។ លោកស្រី បានបង្ហាញនូវបំណងប្រាថ្នាយ៉ាងមុតមាំក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងធុរកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា និងសហរដ្ឋអាមេរិក ឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត។ បន្ថែមពីនេះ លោកស្រី បានគូសបញ្ជាក់ថា លោកស្រីនឹងដឹកនាំគណៈប្រតិភូធុរកិច្ចអាមេរិកជាបន្តបន្ទាប់ទៀតមកកម្ពុជា។ដោយឡែក គណៈប្រតិភូក្នុងឱកាសនេះសុទ្ធសឹងតែជាក្រុមហ៊ុនធំៗដែលមានចំណាប់អារម្មណ៍បណ្តាក់ទុនវិនិយោគនៅកម្ពុជា លើវិស័យសំខាន់ៗរួមមានដូចជា៖ ភស្តុភារ ហេដ្ឋារចនាសម្ព័ន្ធ ផលិតកម្ម និងកសិកម្មជាដើម។ លោកស្រីសង្ឃឹមយ៉ាងមុតមាំថា តាមរយៈទំនាក់ទំនងដ៏ល្អប្រសើរជាមួយសភាពាណិជ្ជកម្មកម្ពុជា សភាពាណិជ្ជកម្មអាមេរិក-កម្ពុជា នឹងអាចបង្កើនកិច្ចសហប្រតិបត្តិការ និងតភ្ជាប់ទំនាក់ទំនងរវាងធុរជននៃប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ និងមានប្រសិទ្ធភាពខ្ពស់។
ជាកិច្ចឆ្លើយតប អ្នកឧកញ៉ា គិត ម៉េង បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគំនិតផ្តួចផ្តើម និងការប្តេជ្ញាចិត្តរបស់សភាពាណិជ្ជកម្មអាមេរិក-កម្ពុជា ក្នុងការចូលរួមពង្រឹងស្ពានសេដ្ឋកិច្ចតភ្ជាប់រវាងកម្ពុជា និងសហរដ្ឋអាមេរិក។ អ្នកឧកញ៉ាប្រធាន បានគូសបញ្ជាក់អំពីទំនាក់ទំនងទ្វេភាគីដ៏រឹងមាំ និងយូរអង្វែងរយៈពេល ៧៦ ឆ្នាំ (១៩៥០-២០២៦) ព្រមទាំងបានរំលេចនូវព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសំខាន់ៗរវាងប្រទេសទាំងពីរ។ អ្នកឧកញ៉ាប្រធាន ថ្លែងអំណរគុណចំពោះការគាំទ្ររបស់ ឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ លើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ កន្លងទៅ។
អ្នកឧកញ៉ាប្រធាន បានបន្ថែមថា សហរដ្ឋអាមេរិកគឺជាទីផ្សារនាំចេញធំបំផុតមួយ និងជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់កម្ពុជា ដោយទំហំពាណិជ្ជកម្មទ្វេភាគីបានកើនឡើងជាលំដាប់។ លើសពីនេះ វត្តមានរបស់ក្រុមហ៊ុនលំដាប់ពិភពលោករបស់អាមេរិកដូចជា Coca-Cola Ford Chevron Caltex និង GE បានបង្ហាញយ៉ាងច្បាស់អំពីទំនុកចិត្តលើបរិយាកាសធុរកិច្ចនៅកម្ពុជា ដែលបច្ចុប្បន្នមានសន្តិភាព ស្ថិរភាពនយោបាយ និងឆ្ពោះទៅរកចក្ខុវិស័យប្រែក្លាយជាប្រទេសមានចំណូលខ្ពស់ត្រឹមឆ្នាំ២០៥០។
ជាកិច្ចបញ្ចប់ ភាគីទាំងពីរបានបង្ហាញនូវការតាំងចិត្ត និងជំនឿជាក់យ៉ាងមុតមាំថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូធុរកិច្ចអាមេរិកនាពេលនេះ នឹងក្លាយជាកាតាលីករដ៏មានឥទ្ធិពលក្នុងការបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការ ភាពជាដៃគូវិនិយោគយូរអង្វែង និងនាំមកនូវផលប្រយោជន៍សេដ្ឋកិច្ចទៅវិញទៅមកសម្រាប់សហគមន៍ធុរកិច្ចនៃប្រទេសទាំងពីរ។

Share: