(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ១១រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា អមដោយ លោកជំទាវ ឧកញ៉ា នួន ពេជ្រសុផល អគ្គនាយិការងជាន់ខ្ពស់សភាពាណិជ្ជកម្មកម្ពុជា បានទទួលជួប លោក Wenguo Cai ដើម្បីពិភាក្សា និងធ្វើការវាយតម្លៃពាក់កណ្តាលអាណត្តិ នៃគម្រោង EU-German GATE។
គោលបំណងនៃជំនួប គឺដើម្បីពិភាក្សាអំពីវឌ្ឍនភាព សមិទ្ធផល បញ្ហាប្រឈម និងបទពិសោធន៍ដែលទទួលបានពីការអនុវត្តគម្រោង ព្រមទាំងស្វែងរកទិសដៅ និងការគាំទ្របន្ថែមសម្រាប់ដំណាក់កាលបន្ត។
ជំនួបនេះបានផ្តោតជាពិសេសលើការគាំទ្រដល់វិស័យឯកជនកម្ពុជា រួមមាន ការតស៊ូមតិរបស់វិស័យឯកជន និងកិច្ចសន្ទនារវាងរដ្ឋ និងវិស័យឯកជន (PPD) ការពង្រឹងសមត្ថភាពសហគ្រាសធុនតូច និងមធ្យម (SMEs) លើប្រធានបទពាក់ព័ន្ធនឹងការនាំចេញ និងសេវាកម្មសម្រាប់អ្នកនាំចេញ ព្រមទាំងការពង្រឹងសមត្ថភាពរបស់ធុរកិច្ចកម្ពុជាក្នុងការប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិ។
សភាពាណិជ្ជកម្មកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សហភាពអឺរ៉ុប និងរដ្ឋាភិបាលអាល្លឺម៉ង់ ដែលបានគាំទ្រតាមរយៈគម្រោង EU-German GATE និងបានផ្តល់កិច្ចសហប្រតិបត្តិការ និងការគាំទ្រដ៏មានតម្លៃដល់សភាពាណិជ្ជកម្មកម្ពុជា ក្នុងការពង្រឹងសមត្ថភាពសហគមន៍ធុរកិច្ចកម្ពុជា និងសភាពាណិជ្ជកម្មខេត្ត។









BECOME A MEMBER
