ដោយទទួលបានការអនុញ្ញាតពី អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា អ្នកឧកញ៉ា ភួ វាសនា អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង ចំនួន14រូប ទៅបំពេញទស្សនកិច្ចពាណិជ្ជកម្មនៅទីក្រុងមែលប៊ន និងទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី ចាប់ពីថ្ងៃទី២៩ ខែសីហា ដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦។ នៅក្នុងដំណើរទស្សនកិច្ចនេះ មានការចូលរួមពីប្រធានសភាពាណិជ្ជកម្មខេត្តមណ្ឌលគិរី សមាជិក សមាជិកា សភាពាណិជ្ជកម្មខេត្តបាត់ដំបង សភាពាណិជ្ជកម្មខេត្តរតនគិរី សភាពាណិជ្ជកម្មរាជធានីភ្នំពេញ និងក្រុមការងារនៃនាយកដ្ឋានទំនាក់ទំនងសភាពាណិជ្ជកម្មខេត្ត-ក្រុង។
គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួមពិព័រណ៍ម្ហូបអាហារអូស្ត្រាលី(Fine Food Australia 2026) នៅទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី ដែលជាពិព័រណ៍ឈានមុខគេមួយក្នុងវិស័យម្ហូបអាហារ និងកសិឧស្សាហកម្ម។ ព្រឹត្តិការណ៍នេះមានការចូលរួមពីអាជីវកម្ម និងម៉ាកផលិតផលមកពីប្រទេសជាច្រើនជុំវិញពិភពលោក។ ជាពិសេស បានបង្ហាញនូវផលិតផល បច្ចេកវិទ្យា ឧបករណ៍ និងដំណោះស្រាយថ្មីៗជាច្រើនក្នុងវិស័យម្ហូបអាហារ និងបដិសណ្ឋារកិច្ច។
គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ក៏បានអញ្ជើញចូលរួមកិច្ចពិភាក្សាការងារ និងស្វែងយល់បន្ថែមអំពីកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគ ជាមួយការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងមែលប៊ន សភាពាណិជ្ជកម្ម និងឧស្សាហកម្មរដ្ឋវិចតូរៀ និងតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី។ ការជួបពិភាក្សាខាងលើ គឺជាឱកាសដ៏មានតម្លៃក្នុងការពង្រឹងបណ្តាញទំនាក់ទំនងអន្តរជាតិ ស្វែងរកដៃគូសហការថ្មីៗ និងបង្កើតមូលដ្ឋានសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត ជាពិសេសស្វែងយល់ពី សក្តានុពលទីផ្សារ ឱកាសវិនិយោគ ការពង្រីកទំនាក់ទំនងអាជីវកម្ម និងការតភ្ជាប់វិស័យឯកជនរវាងកម្ពុជា និងអូស្ត្រាលី ដែលអាចរួមចំណែកដល់ការជំរុញ ពាណិជ្ជកម្ម ការវិនិយោគ និងទំនាក់ទំនងធុរកិច្ច។
បន្ថែមពីនេះ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជាក៏បានទស្សនកិច្ចនៅក្រុមហ៊ុន LUUS COMMERCIAL CATERING EQUIPMENT ដែលជាក្រុមហ៊ុនមានឯកទេសក្នុងការរចនា និងផលិត ឧបករណ៍ និងគ្រឿងបរិក្ខារផ្ទះបាយពាណិជ្ជកម្ម សម្រាប់វិស័យភោជនីយដ្ឋាន សណ្ឋាគារ និងបដិសណ្ឋារកិច្ច ដែលមានមូលដ្ឋានផលិតកម្មនៅទីក្រុងមែលប៊ន។ ក្រុមហ៊ុននេះផ្តោតលើការផលិតឧបករណ៍ និងគ្រឿងបរិក្ខារដែលមានគុណភាពខ្ពស់ ប្រសិទ្ធភាព និងភាពធន់ ស្របតាមតម្រូវការរបស់ផ្ទះបាយពាណិជ្ជកម្មទំនើប រួមមាន ឧបករណ៍ចម្អិនអាហារប្រើហ្គាស ឧបករណ៍ចម្អិនអាហារបែបអាស៊ី ម៉ាស៊ីនចៀន ឧបករណ៍ដុត ឧបករណ៍ចម្អិនម្ហូប និងចង្ក្រានពាណិជ្ជកម្ម ដែលត្រូវបានរចនាឡើងសម្រាប់ការប្រើប្រាស់ក្នុងផ្ទះបាយដែលមានតម្រូវការខ្ពស់។
តាមរយៈសកម្មភាពនៃដំណើរទស្សនកិច្ចខាងលើនេះ គឺជាសក្ខីភាពនៃការប្តេជ្ញាចិត្ត និងទិសដៅដ៏មុតមាំរបស់សភាពាណិជ្ជកម្មកម្ពុជា ក្រោមការដឹកនាំរបស់ គិត ម៉េង ជាប្រធាន ដែលតែងជំរុញឱ្យមានកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយដៃគូ និងស្ថាប័នអន្តរជាតិ ក្នុងការបន្តពង្រឹងទំនាក់ទំនងលើវិស័យធុរកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ជាមួយបណ្តាប្រទេសនានា និងដើម្បីឱ្យសមាជិក សមាជិកា ដែលស្ថិតក្នុងវិស័យម្ហូបអាហារ និងបដិសណ្ឋារកិច្ច ទទួលបានបទពិសោធន៍ និងចំណេះដឹងបន្ថែមទៀតដែលអាចយកទៅអភិវឌ្ឍន៍ក្នុងអាជីវកម្មប្រកបដោយភាពជោគជ័យ និងក្នុងការពង្រីកភាពជាដៃគូក្រៅប្រទេស ជំរុញការផ្លាស់ប្តូរវិនិយោគ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្ដរជាតិ៕
រូបភាព និងអត្ថបទ៖ នាយកដ្ឋានទំនាក់ទំនងសភាពាណិជ្ជកម្មខេត្ត-ក្រុង

















BECOME A MEMBER
