គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា បំពេញទស្សនកិច្ចពាណិជ្ជកម្មនៅទីក្រុងមែលប៊ន និងទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការវិស័យម្ហូបអាហារ
ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតពី អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយ អ្នកឧកញ៉ា ភួ វាសនា អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង បានអញ្ជើញបំពេញទស្សនកិច្ចពាណិជ្ជកម្មទៅកាន់ទីក្រុងមែលប៊ន និងទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី ចាប់ពីថ្ងៃទី២៩ ខែសីហា ដល់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការធុរកិច្ច និងស្វែងរកឱកាសវិនិយោគថ្មីៗក្នុងវិស័យម្ហូបអាហារ និងកសិឧស្សាហកម្ម។
ដំណើរទស្សនកិច្ចនេះ មានការចូលរួមពី លោក វឿង ប្រយុទ្ធ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មខេត្តមណ្ឌលគិរី សមាជិកា សមាជិកា សភាពាណិជ្ជកម្មខេត្តបាត់ដំបង សភាពាណិជ្ជកម្មខេត្តរតនគិរី និងក្រុមការងារនៃនាយកដ្ឋានទំនាក់ទំនងសភាពាណិជ្ជកម្មខេត្ត-ក្រុង សរុបចំនួន ១៤ រូប។
ក្នុងអំឡុងពេលទស្សនកិច្ច គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា នឹងចូលរួមព្រឹត្តិការណ៍សំខាន់ៗជាច្រើន រួមមាន ការចូលរួមពិព័រណ៍ពាណិជ្ជកម្មម្ហូបអាហារអូស្ត្រាលី(Fine Food Australia 2026) ជំនួបពាណិជ្ជកម្មជាមួយការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងមែលប៊ន និងទីក្រុងស៊ីដនី ការទស្សនាស្តង់ពិព័រណ៍ដែលផ្ដោតលើម្ហូបអាហារ និងកសិឧស្សាហកម្ម និងការទស្សនកិច្ចរោងចក្រផលិតគ្រឿងបរិក្ខារចម្អិនម្ហូបអាហារ ដើម្បីពង្រីកបណ្ដាញកិច្ចសហប្រតិបត្តិការ និងជំរុញការផ្លាស់ប្ដូរបទពិសោធន៍រវាងវិស័យឯកជននៃប្រទេសទាំងពីរ។
សូមជម្រាបជូនថា ដំណើរទស្សនកិច្ចនេះ គឺជាការឆ្លុះបញ្ចាំងពីទស្សនវិស័យ និងការយកចិត្តទុកដាក់របស់ អ្នកឧកញ៉ា គិត ម៉េង ក្នុងការជំរុញឱ្យមានការធ្វើការយ៉ាងសកម្មជាមួយដៃគូ និងអង្គភាពអន្តរជាតិនានា លើគ្រប់វិស័យ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការធុរកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ទាំងក្នុងតំបន់ និងលើឆាកអន្តរជាតិ។
រូបភាព និងអត្ថបទ៖ នាយកដ្ឋានទំនាក់ទំនងសភាពាណិជ្ជកម្មខេត្ត-ក្រុង៕






BECOME A MEMBER
