BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

ជំនួបទទួលទានអាហារពេលព្រឹជាមួយក្រុមប្រឹក្សាផ្លាស់ប្តូរមិត្តភាពអន្តរជាតិ (FEC)

តូក្យូ ប្រទេសជប៉ុន៖ នាព្រឹកថ្ងៃពុធ ១០រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ដែលជាថ្ងៃទីពីរនៃការបំពេញបេសកកម្មទាក់ទាញ និងជំរុញវិនិយោគនៅលើទឹកដីនៃប្រទេសជប៉ុន បណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានអញ្ជើញចូលរួមអមដំណើរ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ក្នុងពិធីជួបជុំទទួលទានអាហារពេលព្រឹក ដែលរៀបចំឡើងដោយ លោក Ken Matsuzawa ប្រធានក្រុមប្រឹក្សាផ្លាស់ប្តូរមិត្តភាពអន្តរជាតិ (FEC) ដើម្បីទទួលស្វាគមន៍គណៈប្រតិភូកម្ពុជានៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ 


ពិធីជួបជុំទទួលទានអាហារពេលព្រឹកនេះគឺជាវេទិកាយ៉ាងសំខាន់ សម្រាប់បង្កើតបណ្តាញទំនាក់ទំនងធុរកិច្ច (Business Networking) យ៉ាងជិតស្និទ្ធ និងស៊ីជម្រៅ រវាងតំណាងវិស័យឯកជននៃប្រទេសជប៉ុន និងតំណាងវិស័យឯកជនពីកម្ពុជា ដើម្បីផ្លាស់ប្តូរព័ត៌មាន ស្វែងយល់ពីសក្តានុពលវិនិយោគទៅវិញទៅមក ក៏ដូចជាការស្វែងរកកាលានុវត្តភាពក្នុងការចាប់ដៃគូសហការធុរកិច្ចរួមគ្នា សំដៅពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគឯកជនរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនខ្លាំងក្លាបន្ថែមទៀត។
ជារួមកិច្ចជំនួបមួយនេះ ឆ្លុះបញ្ចាំងពីទំនាក់ទំនងដ៏រឹងមាំ និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងប្រទេសកម្ពុជា និងប្រទេសជប៉ុន។

Share: