ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ០៩:០០នាទី នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា មានរៀបចំកិច្ចប្រជុំក្រុមការងារផ្នែកឯកជន ក្រុម "ឃ" "ផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច" នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលដឹកនាំដោយ លោក អានូដ ដាក សហប្រធានក្រុមការងារ "ឃ" តំណាងផ្នែកឯកជន។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់អនុសហប្រធានក្រុមការងារ "ឃ" តំណាងផ្នែកឯកជន, តំណាងក្រុមការងារបច្ចេកទេសពន្ធដារផ្នែកឯកជន, តំណាងសមាគមធនាគារនៅកម្ពុជា, តំណាងសមាគមឧស្សាហកម្មយាន្តយន្តនៅកម្ពុជា និងតំណាងក្រុមហ៊ុន សហគ្រាសឯកជនពាក់ព័ន្ធក្នុងវិស័យពន្ធដារជាច្រើនទៀតផងដែរ។
កិច្ចប្រជុំនេះមានគោលបំណង ដើម្បីបន្តធ្វើការពិនិត្យ ពិភាក្សាលើបញ្ហាប្រឈមដែលនៅសេសសល់ និងលើកឡើងនូវបញ្ហាប្រឈមថ្មីៗបន្ថែមទៀតក្នុងវិស័យនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច ដើម្បីដាក់ស្នើសុំដំណោះស្រាយជាមួយនឹងដៃគូ គឺក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាពេលខាងមុខនេះ។
ជាលទ្ធផល កិច្ចប្រជុំបានធ្វើការពិនិត្យ ពិភាក្សាលើបញ្ហាប្រឈមចាស់ដែលនៅសល់ លើកឡើងនូវបញ្ហាប្រឈមថ្មី ក៏ដូចជាបិទបញ្ចប់បញ្ហាមួយចំនួនរបស់ផ្នែកឯកជនមួយចំនួនរួមមាន៖ ១.ការលក់នៅខាងក្រៅព្រំដែន , ២. ការបញ្ចុះតម្លៃមិនត្រូវបានអនុញ្ញាតជាការកាត់បន្ថយប្រាក់ចំណូល, ៣.ការចេញពន្ធរបស់អ្នកចែកចាយលើពន្ធ ១% លើប្រាក់ចំណូល, ៤. ពន្ធលើផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម , ៥. បញ្ហានៃការបង់ពន្ធលើតម្លៃបន្ថែម, ៦. សំណើរបង្កើតគោលការណ៍ឱ្យបានច្បាស់លាស់ និងមានតម្លាភាពសម្រាប់ការប្រកាសបទប្បញ្ញត្តិ រួមនឹងបញ្ហាប្រឈមមួយចំនួនផ្សេងទៀតផងដែរ។
គួរបញ្ជាក់ថា កិច្ចប្រជុំក្រុមការងារ "ឃ" ផ្នែកឯកជននេះ គឺជាកិច្ចប្រជុំលើកដំបូងនៃដើមឆ្នាំ២០២៦ នេះផងដែរ។
កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃ ខែ ឆ្នាំដដែល នៅវេលាម៉ោង ១០:៣០នាទីព្រឹក ក្រោមបរិយាកាសយោគយល់គ្នា និងលទ្ធផលជាផ្លែផ្កា។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com
#gpsfcambodia #pswg #gpswg #cambodiachamberofcommerce #សភាពាណិជ្ជកម្មកម្ពុជា #ccc










BECOME A MEMBER
