នារសៀលថ្ងៃពុធ ២ កើត ខែ កត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ម៉េង និមល អគ្គនាយករងសភាពាណិជ្ជកម្មកម្ពុជា និងជាសមាជិកនៃក្រុមការងារតម្រង់ទិសអាជីវកម្មបរិយាប័ន្ន បានចូលរួមជាវាគ្មិន ក្នុងកិច្ចពិភាក្សាអំពី ការលើកទឹកចិត្តសម្រាប់ក្រុមហ៊ុនដែលត្រូវបានទទួលស្គាល់ជា អាជីវកម្មបរិយាប័ន្ន និងសហគ្រាសសង្គម ដែលប្រព្រឹត្តទៅក្នុង កិច្ចប្រជុំកំពូលអាជីវកម្មបរិយាប័ន្នលើកទី ៥ នៅខេត្តសៀមរាប។ កម្មវិធីនេះ មានការអញ្ជើញចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ពីតំណាងក្រសួងស្ថាប័ន សមាគមន៍ធុរកិច្ច អង្គការដៃគូអភិវឌ្ឍន៍ និងដៃគូអន្តរជាតិ ដែលមកពីបណ្តារប្រទេសនៅអាស៊ាន និងមកពីសហភាពអឺរ៉ុប។
កិច្ចពិភាក្សានេះ ប្រព្រឹត្តឡើង ដើម្បីស្វែងយល់អំពី គោលនយោបាយ និងការអនុវត្តអាជីវកម្មបរិយាប័ន្នប្រចាំប្រទេសផ្សេងៗ នៅអាស៊ាន ក៏ដូចជាស្វែងយល់អំពីច្បាប់ និងការលើកទឹកចិត្តនានា សម្រាប់អាជីវកម្មបរិយាប័ន្ន និងសហគ្រាសសង្គម។ ថ្លែងក្នុងឱកាសនេះ ឯកឧត្តម បានចែករំលែកអំពីការអនុវត្ត និងសកម្មភាពនានារបស់រដ្ឋាភិបាលក្នុងការជម្រុញ និងលើកកម្ពស់ឲ្យ អាជីវកម្មពិចារណាលើការប្រែក្លាយ ទៅជាអាជីវកម្មបរិយាប័ន្ន ព្រមទាំងផ្តល់អនុសាសន៍ដល់ការរៀបចំផែនការអាជីវកម្មបរិយាប័ន្ននាពេលអនាគត។