ទីក្រុងព្រុចសែល ប្រទេសបែលហ៊្សីក៖ ក្នុងឱកាសអមដំណើរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សារវីយ៍លើកទី៤៥ ឆ្នាំនៃទំនាក់ទំនងភាពជាដៃគូអាស៊ាន-សហភាពអឺរ៉ុប នារសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និងគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា បានជួបពិភាក្សាការងារនិងធ្វើទស្សនកិច្ច សភាពាណិជ្ជកម្មនិងឧស្សាហកម្មផ្លេនឌើ (Flanders Chamber of Commerce and Industry) ដោយផ្តោតជាសំខាន់លើការពង្រឹងកិច្ចសហប្រតិបត្តិការរវាងសភាពាណិជ្ជកម្មទាំងពីរ និងការជំរុញទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសបែលហ្ស៊ីកនិងកម្ពុជា។
លោក ហ្គើត មឿនម៉ាន (Geert Moerman, CEO) ប្រធាននាយកប្រតិបត្តិសភាពាណិជ្ជកម្មនិងឧស្សាហកម្មផ្លេនឌើ បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា និងបានជម្រាបជូនអំពីទិដ្ឋភាពទូទៅនៃសេដ្ឋកិច្ចនិងធុរកិច្ចប្រទេសបែលហ្ស៊ីក ជាពិសេសវិស័យសក្តានុពលដែលធុរជនប្រទេសទាំងពីរគួរពិចារណាវិនិយោគ។ ក្រៅពីនេះ លោកក៏បានចែករំលែកបទពិសោធន៍នៃការអនុវត្តគម្រោង និងដំណើរការរបស់សភាពាណិជ្ជកម្មនិងឧស្សាហកម្មផ្លេនឌើផងដែរ។
ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច បានគាំទ្រចំពោះកិច្ចសហប្រតិបត្តិការរួមរវាងសភាពាណិជ្ជកម្មទាំងពីរ និងគម្រោងរួម។ ឯកឧត្តមឧកញ៉ាអគ្គនាយក ក៏លើកឡើងពីសក្តានុពលសេដ្ឋកិច្ចកម្ពុជា និងវិស័យសំខាន់ៗដែលធុរជនប្រទេសទាំងពីរអាចសិក្សាលទ្ធភាពសហការគ្នា និងបានអញ្ជើញ លោក ហ្គើត មឿនម៉ាន ដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចធុរកិច្ចនៅកម្ពុជានៅពេលវេលាសមស្រប។
គួរបញ្ជាក់ថា សភាពាណិជ្ជកម្មកម្ពុជា បានចុះអនុស្សរណៈយោគយល់ជាមួយ សភាពាណិជ្ជកម្មនិងឧស្សាហកម្មផ្លេនឌើ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ ក្នុងគោលបំណង ជំរុញទំនាក់ទំនងធុរកិច្ចរវាងប្រទេសទាំងពីរតាមរយៈការកំណត់ និង សិក្សាវិស័យសក្តានុពល ដែលជាកាលានុវត្តភាពធុរកិច្ចសម្រាប់សហគមន៍ធុរកិច្ចនៃប្រទេសទាំងពីរ។