News

Home News Detail

វេទិកាថ្នាក់ដឹកនាំ និងដៃគូអាស៊ាន ឆ្នាំ២០២២

វេទិកាថ្នាក់ដឹកនាំ និងដៃគូអាស៊ាន ឆ្នាំ២០២២

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ២រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ច អាស៊ាន បានអញ្ជើញចូលរួមវេទិកាថ្នាក់ដឹកនាំ និងដៃគូអាស៊ានឆ្នាំ ២០២២ ដែលសហការរៀបចំដោយ សភាពាណិជ្ជកម្មកម្ពុជា វិទ្យាស្ថានKSI និង វិទ្យាស្ថានចក្ខុវិស័យអាស៊ី។ វេទិកានេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ តំណាងក្រសួង-ស្ថាប័ន ស្ថានទូត អង្គការអន្តរជាតិ វិស័យឯកជន ស្ថាប័ន ស្រាវជ្រាវ គ្រឹះស្ថានអប់រំ និងវិនិយោគិនមកពីប្រទេសអាស៊ាន។

វេទិកាថ្នាក់ដឹកនាំនិងដៃគូអាស៊ានឆ្នាំ២០២២ ផ្តោតជាសំខាន់លើ “ភាពជាដៃគូសម្រាប់អាស៊ានប្រកបដោយភាពប្រទាក់ក្រឡាគ្នា និងឆ្លើយតបគ្នាទៅវិញទៅមក” ដើម្បីកសាងអាស៊ានដែលរឹងមាំនិងល្អប្រសើរ ក៏ដូចជា ជំរុញ និង ពន្លឿនការអភិវឌ្ឍប្រកបដោយចីរភាពនិងបរិយាប័ន្ន សម្រាប់អនាគតដ៏ប្រសើរ។ វេទិកានេះ ចែករំលែកនូវបច្ចុប្បន្នភាព និងនិន្នាការចម្បងៗ បញ្ហាប្រឈម និងកាលានុវត្តភាពធុរកិច្ចនិងវិនិយោគក្នុងអាស៊ាន ហើយក៏ពិភាក្សាផងដែរអំពីការឆ្លើយតបរបស់អាស៊ានចំពោះការប្រឈមផ្នែកសេដ្ឋកិច្ចសាកលនិងនិន្នាការភូមិសាស្រ្តនយោបាយ។

Share: