ថ្ងៃពុធ ៦កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ០៩:០០នាទីព្រឹក នាឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានដឹកនាំសមាជិក សមាជិកាសភាពាណិជ្ជកម្មកម្ពុជាចូលរួមក្នុងពិធី ប្រគល់-ទទួលជាផ្លូវការនូវរបាយការណ៍នៃការសិក្សា “ផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយកម្ពុជា ២០២១-២០៣០” ក្រោមអធិបតីភាព ឯកឧត្តម រស់ សីលវ៉ា សមាជិកឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិត-សភាចារ្យ អូន ព័ន្ធមុនីរ័ត្ឋ ឧបនាយករដ្ឋមន្ត្រី ប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ព្រមទាំងមានការអញ្ជើញចូលរួមពី តំណាងស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពី ថ្នាក់ដឹកនាំ និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ, តំណាងក្រុមហ៊ុន China International Engineering Consulting Corporation (CIECC), តំណាងដៃគូអភិវឌ្ឍន៍ និងផ្នែកឯកជនជាច្រើនទៀតផងដែរ។
គួរបញ្ជាក់ផងដែរថា ពិធីប្រគល់-ទទួលជាផ្លូវការនូវរបាយការណ៍នៃការសិក្សា “ផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយកម្ពុជា ២០២១-២០៣០” ត្រូវបានផ្តួចផ្តើមដោយឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ស្ថិតនៅក្រោមជំនួយហរិញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងសិក្សាស្រាវជ្រាវដោយឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ សហការជាមួយនឹងក្រុមការងារ CIECC និងជាពិសេសជាមួយ ដៃគូអភិវឌ្ឍន៍នានា និងវិស័យឯកជន ដើម្បីជំរុញការអនុវត្ត “ផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹក-ជញ្ជូនអន្តរមធ្យោបាយកម្ពុជា ២០២២-២០៣០” ឱ្យទទួលបានជោគជ័យ។។
ឈរលើមូលដ្ឋាននៃរបាយការណ៍នៃការសិក្សានេះ ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ រួមជាមួយ ក្រុមប្រឹក្សាជាតិភស្តុភារកម្ម និងក្រសួងសាធារណការ និងដឹកជញ្ជូនបាននិងកំពុងធ្វើការសំយោគជាមួយ ផែនការមេអន្តរកាលស្តីពីការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូន និងឡូជីស្ទីក ២០២១-២០៣០ និងរបាយការណ៍នៃការសិក្សាដោយស្ថាប័ន និងដៃគូ-អភិវឌ្ឍន៍ផ្សេងទៀត នាពេលកន្លងមក សំដៅកសាងនូវ “ផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយកម្ពុជា ២០២២-២០៣០”។ ជារួម ផែនការមេគ្រប់ជ្រុងជ្រោយដែលរំពឹងថានឹងទទួលបានការអនុម័តពីរាជរដ្ឋាភិបាលកម្ពុជានាចុងឆ្នាំ២០២២ ឬត្រឹមដើមឆ្នាំ២០២៣ នឹងក្លាយជាផែនទីចង្អុលផ្លូវក្នុងការតម្រង់ទិសសម្រាប់ការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន និងឡូជីស្ទីកនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព។
ពិធីប្រគល់-ទទួលនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១០:៣០នាទីព្រឹក ក្នុងបរិយាកាសរីករាយ យោគយល់គ្នា។