នៅព្រឹកថ្ងៃសុក្រ ៨ កើត ខែស្រាពណ៍ ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២២ ចាប់ពីម៉ោង ១០:០០ នាទី ព្រឹក ដល់ ម៉ោង ១២:០០ នាទី រសៀល, ក្នុងនាមជាដៃគូសហការ ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានចូលរួមពិធីសម្ភោធពិព័រណ៍អន្តរជាតិប្រចាំឆ្នាំ ២០២២ លើវិស័យ “ស្ថាបត្យកម្ម និងរចនាតុបតែង, សុខភាព និងសម្រស់, ម្ហូបអាហារ និងភេសជ្ជៈ” នៅសាលតាំងពិព័រណ៍កោះពេជ្រ រួមទាំង សមាជិករបស់សភាពាណិជ្ជកម្មកម្ពុជា ស្ថាប័នពាក់ព័ន្ធក្នុងវិស័យរដ្ឋ និងវិស័យឯកជនប្រមាណជាង ១៥០ ក្រុមហ៊ុន។
ពិព័រណ៍នេះធ្វើឡើងក្នុងគោលបំណង ផ្សព្វផ្សាយ និងដាក់តាំងបង្ហាញពីផលិតផលនៃប្រទេសកម្ពុជា និងប្រទេសថៃដើម្បីធ្វើយ៉ាងណាឲ្យសាធារណៈជននៃប្រទេសទាំងពីរបានស្គាល់ និងគាំទ្រនូវផលិតផលរបស់ខ្លួនដែលមានស្តង់ប្រមាណ ៧០ ស្តង់ដែលបានដាក់តាំងបង្ហាញពីផលិតផលរបស់ខ្លួន។ លើកពីនេះទៅទៀត, នេះជាលើកដំបូងដែលអនុញ្ញាតឲ្យមានអ្នកទស្សនាដោយផ្ទាល់ក្រោយការរីករាយដាលនៃជំងឺកូវិដ-១៩ មក។ តាមរយៈពិព័រណ៍នេះយើងសង្ឍឹមថាក្រុមហ៊ុននិមួយៗដែលបានមកដាក់ស្តង់បង្ហាញផលិតផលរបស់ខ្លួន ក៏ដូចជាវិស័យឯកជនទាំងមូលអាចងើបឡើងវិញនូវការធ្វើពាណិជ្ជកម្មរបស់ខ្លួនកាន់តែលឿនតាមរយៈពិព័រណ៍ដ៏អស្ចារ្យមួយនេះ។
កម្មវិធីសម្ភោធនេះបានបញ្ចប់នៅវេលាម៉ោង ១២:០០ នាទី រសៀលថ្ងៃខែឆ្នាំដដែលប្រកបដោយផ្លែផ្កាជាទីគាប់ចិត្ត និងបរិយាកាសដ៏សប្បាយរីករាយ។