នារសៀលថ្ងៃសុក្រ ៨ កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ បណ្ឌិត តាន់ មុន្នីវណ្ណ អនុប្រធានសភាពាណិជ្ជកម្ម និងជាសមាជិកក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើត តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើត បានអញ្ជើញចូលរួមធ្វើបទអន្តរាគមន៍នៅក្នុង កិច្ចពិគ្រោះយោបល់ជាមួយឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន ស្ថិតក្រោមអធិបតីឯកឧត្តម រដ្ឋ សារ៉ាវុធ អគ្គនាកពាណិជ្ជកម្មអន្តរជាតិ និងជាប្រធានកិច្ចប្រជុំឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ានសម្រាប់ឆ្នាំ២០២២ ដែលប្រព្រឹត្តទៅនៅខេត្តសៀមរាប។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ានបូកបី ព្រមទាំងសមាជិក និងតំណាងពី ក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើត និងមន្រ្តីពាក់ព័ន្ធផ្សេងៗ។
ក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើត ដែលជាតំណាងនៃវិស័យឯកជនប្រចាំតំបន់អាស៊ាន និងអាស៊ីខាងកើត បានរាយការណ៍អំពីវឌ្ឍនភាពការងារ និង លើកជាសំណូមពរស្នើសុំការគាំទ្រពីឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន រួមមានដូចជា៖ ១)ការជំរុញឲ្យប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ពន្លឿនការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងនេះ ២) ការបង្កើតក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចនៃ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ៣) ស្នើឲ្យមានកិច្ចសន្ទនារវាងថ្នាក់ដឹកនាំប្រទេស ជាមួយនិង ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចនៃ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ និង ៤) របាយការណ៍លទ្ធផលស្ទង់មតិប្រចាំឆ្នាំរបស់ក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើត។
អង្គប្រជុំនៃឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន បានសារទរយ៉ាងកក់ក្តៅចំពោះរបាយការណ៍ និងសំណូមពរនានារបស់ក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើត និង បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបន្តកិច្ចសហការយ៉ាងជិតស្និទ្ធិរវាងរដ្ឋាភិបាល និងវិស័យឯកជននៅក្នុងតំបន់អាស៊ាន និងអាស៊ីខាងកើត។