ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

សិក្ខាសាលាផ្សព្វផ្សាយស្ដីពី “ជម្រើសហិរញ្ញប្បទានសម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា”

នាព្រឹកថ្ងៃចន្ទ ៨ រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជាបានអញ្ជើញចូលរួមជាអធិបតី និងថ្លែងមតិស្វាគមន៍ ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពី “ជម្រើសហិរញ្ញប្បទានសម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា” ដែលជាការសហការគ្នារវាងសភាពាណិជ្ជកម្មកម្ពុជា ជាមួយនិងនិយ័តករមូលបត្រកម្ពុជា (ន. ម.ក.) នៅទីស្តីការនិយ័តករមូលបត្រកម្ពុជា (ន. ម.ក.) និងតាមប្រព័ន្ធអនឡាញ ZOOM ក្រោមអធិបតីភាព ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនិយ័តករមូលបត្រកម្ពុជា នៃ (ន. ម.ក.)។ សិក្ខាសាលាផ្សព្វផ្សាយនេះក៏មានការចូលពីសំណាក់អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា សមាជិក សមាជិការសភាពាណិជ្ជកម្មកម្ពុជា ថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់នៃនិយ័តករមូលបត្រកម្ពុជា និងម្ចាស់ក្រុមហ៊ុន សហគ្រាសនៅកម្ពុជាជាច្រើនទៀតផងដែរ។

សិក្ខាសាលានាព្រឹកនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង ដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ពាក់ព័ន្ធនឹងការរៀបចំខ្លួនដើម្បីទទួលបានហិរញ្ញប្បទាននានាដែលមានស្រាប់នៅក្នុងទីផ្សារ ដូចជា ការបោះផ្សាយលក់មូលបត្រជាសាធារណៈ ការបោះផ្សាយលក់មូលបត្រជាឯកជន តាមរយៈប្រភពធនាគារ ក៏ដូចជា ការវិនិយោគពីក្រុមហ៊ុនគ្រប់គ្រងមូលនិធិ ព្រមទាំងការជួយគាំទ្ររបស់ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (ផ.ម.ក.) និង ន. ម. ក.សម្រាប់ក្រុមហ៊ុនដែលមានបំណងជ្រើសរើសហិរញ្ញប្បទានតាមរយះទីផ្សារមូលបត្រ។ កម្មវិធីនេះ ត្រូវបាន រៀបចំឡើងជា ៣វគ្គ រួមមាន៖ វគ្គទី១ វឌ្ឍនភាពទីផ្សារមូលបត្រ វគ្គទី២ កិច្ចពិភាក្សា" ជម្រើសហិរញ្ញប្បទាន និងការ គ្រប់គ្រងសាច់ប្រាក់ដែលលើសរបស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា” និង វត្គទី៣ ការចែករំលែកបទពិសោធន៍ របស់ក្រុមហ៊ុន ឌីប៊ីឌី អិនជីនារីង ដែលជាក្រុមហ៊ុនទីមួយចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិជាសាធារណៈនៅលើទីផ្សារ កំណើន។

វាគ្មិនកិត្តិយសនៃសិក្ខាសាលានាព្រឹកនេះ គឺជាអ្នកជំនាញក្នុងវិស័យមូលបត្ររួមមាន ន.ម.ក., ផ.ម.ក, ក្រុមហ៊ុន ខេមបូឌាន អ៊ុនវេសស្ទ័រ ខ្សែភីថល ផាតនើរ ម. ក, ក្រុមហ៊ុន ប៊ី ខេភីថល ភីអិលស៊ី, ក្រុមហ៊ុន អេសប៊ីអាយ រ៉ូយ៉ាល់ ស៊ីឃ្យូរីធី ភីអិលស៊ី, ធនាគារ អេស៊ីលីដា ភីអិលស៊ី, និងក្រុមហ៊ុន ឌី ប៊ី ឌី អ៊ុនជីនារីង ម.ក។

សិក្ខាសាលាផ្សព្វផ្សាយនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១២:០០ ថ្ងៃត្រង់ ក្នុងបរិយាកាសរីករាយ យោគយល់គ្នា និងទទួលបានលទ្ធផលជាផ្លែផ្កា។
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com.

ចែករំលែក: