ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

សិក្ខាសាលាស្តីពីការអនុវត្តអាករលើតម្លៃបន្ថែមចំពោះប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក

ថ្ងៃពុធ ០៣រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ០៨:៣០នាទីព្រឹក អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានចូលរួមក្នុងសិក្ខាសាលាស្តីពីការអនុវត្តអាករលើតម្លៃបន្ថែមចំពោះប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) តាមប្រព័ ន្ធវីដេអូអនឡាញ Zoom ក្រោមអធិបតីភាព ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។ សិក្ខាសាលានេះក៏មានការចូលរួមពីសំណាក់អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា សមាជិក សមាជិកាសភាពាណិជ្ជកម្មកម្ពុជា មន្ត្រីពាក់ព័ន្ធនៃអគ្គនាយកដ្ឋានពន្ធដារ វាគ្មិន និងអ្នកចូលរួមពីចម្ងាយតាមរយៈអនឡាញចំនួន ៨០០នាក់ទៀតផង។

គោលបំណងនៃសិក្ខាសាលានេះគឺដើម្បីដាក់ចេញនូវយន្តការអនុវត្តអាករលើតម្លៃបន្ថែមលើទំនិញឌីជីថល និងសេវាឌីជីថល ដែលធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក សម្រាប់ប្រើប្រាស់ក្នុងព្រះរាជាណាចក្រកម្ពុជា និងធ្វើការផ្គត់ផ្គង់ដោយអ្នកជាប់ពន្ធអនិវាសនជនដែលមិនមានគ្រឹះស្ថានអចិន្ត្រៃយ៍នៅព្រះរាជាណាចក្រកម្ពុជា។ វិសាលភាពនៃសិក្ខាសាលានេះគឺអនុវត្តចំពោះការផ្គត់ផ្គង់ទំនិញឌីជីថល ឬសេវាឌីជីថលតាមប្រព័ន្ធអេឡិចត្រូនិក ឬរាល់សកម្មភាពពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដែលធ្វើឡើងដោយអ្នកផ្គត់ផ្គង់អនិវាសនជន នៅក្រៅកម្ពុជា មកក្នុងកម្ពុជា។

សិក្ខាសាលាតាមប្រព័ន្ធវីដេអូអនឡាញហ្ស៊ូម (zoom) នេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១២:០០ថ្ងៃត្រង់ ក្នុងបរិយាកាសរីករាយ យោគយល់គ្នា និងទទួលបានលទ្ធផលជាផ្លែផ្កា។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com.

ចែករំលែក: