ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

កិច្ចប្រជុំលើកទី ៨ នៃយន្តការភាពជាដៃគូគយ-ផ្នែកឯកជន


ថ្ងៃអង្គារ ១១រោច ខែកត្ដិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ៩:០០ នៅអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាមានប្រារព្ធកិច្ចប្រជុំលើកទី៨ នៃយន្តការភាពជាដៃគូគយ-ផ្នែកឯកជន (8th CPPM Meeting) តាមរបៀបពាក់កណ្តាល ជាកិច្ចប្រជុំទល់មុខគ្នា និងតាមប្រព័ន្ធវីដេអូ Zoom សហប្រធាននៃយន្តការភាពជាដៃគូគយ-ផ្នែកឯកជន គឺ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំនិងមន្ត្រីគយ និ ង រដ្ឋាករ រួមជាមួយថ្នាក់ដឹកនាំ និងសមាជិកនៃសភាពាណិជ្ជកម្មកម្ពុជា។

គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីពិនិត្យនិងដោះស្រាយ នូវ សំណូមពរ និងបញ្ហានានា ដែលបានលើកឡើងរបស់ វិស័យឯកជន ពាក់ព័ន្ធនឹងការអនុវត្តនីតិវិធីគយ សំដៅធានាបាននូវការអនុវត្តគោលនយោបាយសម្រួលពាណិជ្ជកម្ម និងការលើកកម្ពស់អនុលោមភាពការអនុវត្តច្បាប់។ ឯកឧត្តមបណ្ឌិត គុណ ញឹម បានលើកឡើងពីសារៈសំខាន់ និងសមិទ្ធផលដ៏ល្អប្រសើរជាបន្តបន្ទាប់នៃយន្តការ CPPM ដែលជាវេទិកាសម្រាប់ផ្នែកឯកជនអាចស្វែងរកដំណោះស្រាយចំពោះបញ្ហានិងសំណូមពរនានាពាក់ព័ន្ធនីតិវិធីគយ សំដៅលើកកម្ពស់បន្ថែមទៀតនូវ កិច្ចសម្រួលពាណិជ្ជកម្ម និងអនុលោមភាពច្បាប់ ពិសេសក្នុង បរិបទនៃ ការងើបឡើងវិញនូវ សកម្មភាពពាណិជ្ជកម្មអន្តរជាតិក្រោយវិបត្តិកូវីដ-១៩។ ក្នុងឱកាសនោះដែរ អ្នកឧកញ៉ា គិត ម៉េង បានថ្លែងថា យន្តការភាពជា ដៃគូគយ-ផ្នែក ឯកជនគឺ ជា វេទិកា សន្ទនាក្នុងភាពជាដៃគូ ដើម្បីពិគ្រោះយោបល់ស្វែងរកដំណោះស្រាយនូវរាល់បញ្ហា នានាដោយឈរ លើ គោលការណ៍ឈ្នះ-ឈ្នះ និងយោគយល់គ្នាទៅវិញទៅមក។ អ្នកឧកញ៉ាសហប្រធានក៏បានថ្លែងអំណរគុណដល់អគ្គនាយកដ្ឋានគយនិង រដ្ឋាករកម្ពុជា ដែលបានរៀបចំកិច្ចប្រជុំនាថ្ងៃនេះ និងចំពោះវិធានការ ជាច្រើនដែលបានដាក់ចេញដើម្បីផ្ដល់កិច្ចសម្រួលពាណិជ្ជកម្មបន្ថែមពីពេលមួយទៅពេលមួយ ជាពិសេសក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ កន្លងមក។

ជាលទ្ធផលនៃកិច្ចពិភាក្សា ផ្នែកឯកជនបានស្វាគមន៍ និងទទួលយកនូវដំណោះស្រាយដែលបានលើកឡើងដោយអគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា ដោយភាគីទាំងពីរបានប្តេជ្ញាថានឹងអនុវត្តតាមវិធានការដំណោះស្រាយប្រកបដោយការទទួលខុសត្រូវរៀងៗខ្លួន។ សហប្រធានក៏បានឯកភាពគ្នាលើកទឹកចិត្តឱ្យ ក្រុមការងារជំនាញនីមួយៗបន្តពិនិត្យ លើកឡើង និង ពិភាក្សាដោះស្រាយ បញ្ហាដែលនឹងកើតឡើងជាយថាហេតុនាពេលខាងមុខ ឱ្យបានទាន់ពេលវេលានិងមានប្រសិទ្ធភាព។

កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១២:០០ នាទីថ្ងៃត្រង់ ក្នុងបរិយាកាសរីករាយ យោគយល់គ្នា និងទទួលបានលទ្ធផលជាផ្លែផ្កា។
————-
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com.

ចែករំលែក: