ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

កិច្ចប្រជុំក្រុមការងារបច្ចេកទេសទី ១ “គយ-ឧស្សាហកម្មបម្រើការនាំចេញវិស័យកាត់ដេរ” ផ្នែកឯកជន នៃយន្តការភាពជាដៃគូគយ-ផ្នែកឯកជន


ថ្ងៃព្រហស្បតិ៍ ០៧រោច ខែអសុជ្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ០២:៣០ នាទីថ្ងៃត្រង់ មានរៀបចំកិច្ចប្រជុំពិភាក្សាក្រុមការងារបច្ចេកទេសទី ១ “គយ-ឧស្សាហកម្មបម្រើការនាំចេញវិស័យកាត់ដេរ” ផ្នែកឯកជន នៃយន្តការភាពជាដៃគូគយ-ផ្នែកឯកជន តាមប្រព័ន្ធវីដេអូអនឡាញ Zoom ក្រោមអធិបតីភាព ឧកញ៉ា ស៊ិន ចន្ធី សហប្រធានក្រុមការងារបច្ចេកទេសទី ១ ផ្នែកឯកជន។ កិច្ចប្រជុំនេះ ក៏មានការចូលរួមផងដែរពីសំណាក់ ឧកញ៉ា លី ឃុនថៃ អនុប្រធានសភាពាណិជ្ជកម្មកម្ពូជា និងឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា, សមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជា, តំណាងសមាគមរោងចក្រស្បែកជើងកម្ពុជា, តំណាងសមាគមកាត់ដេរកម្ពុជា, ក្រុមហ៊ុនឯកជន, និងសមាជិក សមាជិកានៃក្រុមការងារបច្ចេកទេសទី ១ ផ្នែកឯកជនជាច្រើនទៀតផងដែរ។
គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីពិគ្រោះពិភាក្សាទៅលើបញ្ហាប្រឈមរបស់ផ្នែកឯកជនពាក់ព័ន្ធនឹងឧស្សាហកម្មបម្រើការនាំចេញវិស័យកាត់ដេរ ដែលមានផលប៉ះពាល់ ជាពិសេសបញ្ហាដែលកើតមានឡើងក្នុងបរិបទនៃជំងឺកូវីដ-១៩ ដែលកំពុងឆ្លងរាលដាលនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងដើម្បីប្រមូលយកបញ្ហាប្រឈម កង្វល់ សំណូមពររបស់ផ្នែកឯកជនទាំងអស់ ដើម្បីស្នើសុំដំណោះស្រាយពីសំណាក់ដៃគូគឺអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងត្រៀមសម្រាប់កិច្ចប្រជុំប្រចាំឆ្នាំនៃយន្តការគយផ្នែកឯកជននាពេលខាងមុខ។

កិច្ចប្រជុំតាមប្រព័ន្ធវីដេអូអនឡាញហ្ស៊ូម Zoom នេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ០៤:២០ នាទីរសៀលក្នុងបរិយាកាសរីករាយ យោគយល់គ្នា និងទទួលបានលទ្ធផលជាផ្លែផ្កា។
————-
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com

ចែករំលែក: