នាព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២១ ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួមពិធីប្រកាសដាក់ឲ្យដំណើរការជាផ្លូវការនៃគេហទំព័រ KhmerSME “ថ្នាលព័ត៌មានឌីជីថលជាតិសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម” ដែលប្រព្រឹត្តទៅតាមប្រព័ន្ធ អនឡាញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ និង មានការអញ្ជើញចូលរួមពីតំណាងស្ថានទូត តំណាងពីក្រសួងស្ថាប័ន អង្គការអន្តរជាតិ និងតំណាងវិស័យឯកជន។
គេហទំព័រ KhmerSME គឺជាថ្នាលព័ត៌មានឌីជីថល បង្កើតឡើងសម្រាប់ សហគ្រាសធុនមីក្រូ តូច និងមធ្យម ដើម្បីអាចស្វែងរកព័ត៌មាននៅកន្លែងតែមួយ មានជាអាទិ៍ ព័ត៌មានផ្នែកច្បាប់ លិខិតបទដ្ឋានគតិយុត្តិ បណ្តាញអាជីវកម្ម ហិរញ្ញប្បទាន ការបណ្តុះបណ្តាលបច្ចេកទេស និងការចាប់ផ្តើមអាជីវកម្មថ្មី។ ក្រុមហ៊ុន សហគ្រាស នឹងអាចពង្រឹងសមត្ថភាពខ្លួន និងពង្រីកវិមាត្រធុរកិច្ចរបស់ខ្លួន ក្នុងការផលិត និងផ្តល់សេវាកម្ម ប្រកបទៅដោយការប្រកួតប្រជែងខ្ពស់។