ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

កិច្ចប្រជុំថ្នាក់បច្ចេកទេស ជាមួយគណៈប្រតិភូក្រសួងអភិវឌ្ឍន៍ឧស្សាហកម្ម សហគ្រាសធុនតូចនិងមធ្យម និងកិច្ចសហប្រតិបត្តិការ របស់សាធារណរដ្ឋ Mauritius

នារសៀលថ្ងៃ អង្គារ ១៥ កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២១
ឯកឧត្តម ម៉េង និមល អគ្គនាយករងសភាពាណិជ្ជកម្មកម្ពុជា តំណាង ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួម កិច្ចប្រជុំថ្នាក់បច្ចេកទេស ជាមួយគណៈប្រតិភូក្រសួងអភិវឌ្ឍន៍ឧស្សាហកម្ម សហគ្រាសធុនតូចនិងមធ្យម និងកិច្ចសហប្រតិបត្តិការ របស់សាធារណរដ្ឋ Mauritius តាមប្រព័ន្ធអនឡាញ ក្រោមអធិបតីភាព ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង មានការចូលរួមពីមន្ត្រីក្រសួងស្ថាប័នពាក់ព័ន្ធផ្សេង ពីកម្ពុជា និងសាធារណរដ្ឋ Mauritius។

កិច្ចប្រជុំនេះប្រព្រឹត្តឡើង ដើម្បីពិភាក្សា ស្វែងយល់ពីកិច្ចសហការកន្លងមក រវាងប្រទេសទាំងពីរ និង សិក្សាពីលទ្ធភាពក្នុងការសហការ លើវិស័យគោលសំខាន់ៗ ដូចជាវិស័យកសិកម្ម កសិ-ឧស្សាហកម្ម នេសាទ សិប្បកម្ម និង កម្មន្តសាល និងកែច្នៃម្ហូបអាហារ ផ្សេងៗ។ ក្នុងការពិភាក្សាលើកិច្ចពង្រឹងសហការពាណិជ្ជកម្ម ឯកឧត្តម អគ្គនាយករង បានចែករំលែកអំពី វិធានការដែលប្រទេសទាំងពីរអាចចាប់ផ្តើម ដោយរៀបចំអញ្ជើញតំណាងវិស័យរដ្ឋ -ឯកជន រៀបចំវេទិកាធុរកិច្ច រួមគ្នា ក្នុងការផ្សារភ្ជាប់វិស័យឯកជននៃប្រទេសទាំងពីរ និងផ្តល់ឱកាសឲ្យធុរជនស្វែងយល់បន្ថែមអំពីវិស័យសក្តានុពលនៃសេដ្ឋកិច្ចប្រទេសនីមួយៗ។

កិច្ចប្រជុំនេះ បានបញ្ចប់ទៅដោយលទ្ធផលល្អ ដោយភាគីទាំងពីរបានឯកភាពក្នុងការ ពិនិត្យលើលទ្ធភាពរៀបចំអនុស្សារណៈនៃការយោគយល់ និងរៀបចំក្រុមបង្គោលក្នុងការពិភាក្សាអំពីកិច្ចសហការលម្អិតបន្ថែម។

ចែករំលែក: