ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

កិច្ចសន្ទនារវាងក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន

នារសៀលថ្ងៃពុធ ២កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានបន្តវេននៃក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន បានអញ្ជើញចូលរួមកិច្ចសន្ទនារវាងក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ជាមួយនិងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ដែលប្រព្រឹត្តទៅក្នុងអំឡុងពេលនៃកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៣ ក្រោមអធីបតីភាព របស់ ឯកឧត្តម ឌាតូ វេជ្ជបណ្ឌិត អាមីន ឡូ អាប់ឌូឡា រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងសេដ្ឋកិច្ច II នៃប្រទេសប្រុយណេដារូសាឡឹម និងជាប្រធានអង្គប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន។ កម្មវិធីនេះ មានការចូលរួមពី រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានគ្រប់ប្រទេស មន្ត្រីរដ្ឋាភិបាល និង សមាជិកក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន។

ក្នុងឱកាសនៃកិច្ចប្រជុំនេះ ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន បានរាយការណ៍ជាផ្លូវការ ដល់ រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន អំពីការគាំទ្ររបស់វិស័យឯកជនចំពោះគោលដៅសេដ្ឋកិច្ចជាអាទិភាពនានា។ ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន បានធ្វើបទបង្ហាញអំពី ចំណុចអាទិភាព វឌ្ឍនភាពការងារ អនុសាសន៍ ក៏ដូចជាសំណើនានា និងបានស្នើសុំការអនុម័តនានាពីរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន។

អ្នកឧកញ៉ា គិត ម៉េង ប្រធានបន្តវេននៃក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន បានថ្លែងសន្ទរកថា រាយការណ៍ជូន រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន អំពីការត្រៀមលក្ខណៈធ្វើជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ច
អាស៊ាន សម្រាប់កម្ពុជានៅឆ្នាំ២០២២ ដោយបានគូសបញ្ជាក់អំពីតួនាទីដ៏សំខាន់របស់ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន វិស័យសំខាន់ជាអាទិភាពរួមមាន សុខាភិបាល សេដ្ឋកិច្ច ការផ្លាស់ប្តូរឌីជីថល ការស្តារសេដ្ឋកិច្ចប្រកបដោយចីរភាព និងគម្រោងអាទិភាពផ្សេងៗទៀត។

ចែករំលែក: