ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

សិក្ខាសាលា ស្ដីពីការគ្រប់គ្រងហិរញ្ញវត្ថុឲ្យបានត្រឹមត្រូវ

នាព្រឹកថ្ងៃអង្គារ ១ កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាបើកសិក្ខាសាលាស្តីពី «ការគ្រប់គ្រងហិរញ្ញវត្ថុឲ្យបានត្រឹមត្រូវ» ដែលប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ។ កម្មវិធីនេះមានការចូលរួមពីសមាជិក-សមាជិកានៃសភាពាណិជ្ជកម្មកម្ពុជា និង ម្ចាស់អាជីវកម្ម សហគ្រាសធុនតូច និងមធ្យម។

សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង ចែករំលែកបទពិសោធន៍ និងពង្រឹងសមត្ថភាពផ្នែកហិរញ្ញវត្ថុ និងគណនេយ្យ ដល់ម្ចាស់អាជីវកម្ម និងបានលើកយកប្រធានបទសំខាន់ៗមកពិភាក្សារួមមាន៖ គណនេយ្យទូទៅ និងការរៀបចំប្រព័ន្ធគ្រប់គ្រប់គណនេយ្យ របៀបប្រើប្រាស់របាយការណ៍ហិរញវត្ថុ ការគ្រប់គ្រង និងការត្រួតពិនិត្យលើការចំណាយរបស់ក្រុមហ៊ុនដោយប្រើប្រាស់ព័ត៌មានហិរញវត្ថុដើម្បីបង្កើនប្រាក់ចំណេញ។

សិក្ខាសាលានេះ គឺជាផ្នែកមួយនៃកម្មវិធីអភិវឌ្ឍន៍ធនធានមនុស្សដែលរៀបចំឡើងដោយសភាពាណិជ្ជកម្មកម្ពុជា។ ចាប់តាំងពីឆ្នាំ២០២០ រហូតមក សភាពាណិជ្ជកម្មកម្ពុជា បានសហការជាមួយដៃគូបរទេសនិងក្នុងស្រុក រៀបចំវគ្គបណ្តុះបណ្តាលជាបន្តបន្ទាប់ ដល់សិក្ខាកាមសរុបចំនួនជាង ៨០០ នាក់ លើមុខជំនាញពាក់ព័ន្ធនិងកិច្ចការអាជីវកម្មរួមមាន Digital Marketing, ការគ្រប់គ្រងធនធានមនុស្ស ការប្រើប្រាស់បណ្តាញសង្គម ភាពជាអ្នកដឹកនាំ ការគ្រប់គ្រងអាជីវកម្ម ។ល។

ចែករំលែក: