ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

ពិធីស្វាគមន៍ និង សំណេះសំណាលជាមួយសមាជិក-សមាជិកាថ្មី របស់សភាពាណិជ្ជកម្មកម្ពុជា

នាព្រឹកថ្ងៃសុក្រ ១១ រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ២០២១ សភាពាណិជ្ជកម្មកម្ពុជា រៀបចំពិធី “ស្វាគមន៍ និង សំណេះសំណាលជាមួយសមាជិក-សមាជិកាថ្មីរបស់សភាពាណិជ្ជកម្មកម្ពុជា” ក្រោមអធិបតីភាពរបស់ ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា។ គោលបំណងនៃកម្មវិធីនេះ គឺដើម្បីទទួលស្វាគមន៍ជាផ្លូវការ និង ប្រគល់លិខិតបញ្ជាក់សមាជិកភាពជូនសមាជិក-សមាជិកាថ្មី។ ថ្លែងក្នុងឱកាសនៃពិធីនេះ ឯកឧត្តម ឧកញ៉ា អគ្គនាយក មានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានសមាជិក-សមាជិកាថ្មី និងបានស្នើឲ្យសមាជិក-សមាជិកាទាំងអស់ ចូលរួមគាំទ្រដល់សកម្មភាពនានារបស់សភាពាណិជ្ជកម្មកម្ពុជា និងបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយលេខាធិការដ្ឋានសភាពាណិជ្ជកម្មកម្ពុជា ដើម្បីប្រយោជន៍រួមរបស់សហគមន៍ធុរកិច្ចកម្ពុជា និងចូលរួមដល់កិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។ ឯកឧត្តមឧកញ៉ា អគ្គនាយក បានជម្រាបជូនសមាជិកសមាជិកាថ្មីអំពីសកម្មភាព និងតួនាទីសំខាន់ៗរបស់សភាពាណិជ្ជកម្មកម្ពុជា ដែលតែងជួយដោះស្រាយបញ្ហាប្រឈមរបស់វិស័យឯកជន និងជួយគាំទ្រដល់ប្រតិបត្តិការធុរកិច្ចរបស់សមាជិក-សមាជិកា រាប់បញ្ចូលទាំងការរៀបចំជំនួបពាណិជ្ជកម្ម ពិព័រណ៍ពាណិជ្ជកម្ម វគ្គបណ្តុះបណ្តាល សិក្ខាសាលា និង ការរៀបចំព្រឹត្តិការណ៍ជំរុញធុរកិច្ចនិងវិនិយោគ។
ជាចុងបញ្ចប់នៃកម្មវិធី ឯកឧត្តម ឧកញ៉ា អគ្គនាយក បានអញ្ជើញប្រគល់លិខិតបញ្ជាក់សមាជិកភាពជាផ្លូវការជូនដល់សមាជិក-សមាជិកាថ្មី និងថតរូបទុកជាអនុស្សាវរីយ៍។
សម្រាប់ព័ត៌មានលម្អិតសូមទាក់ទង 023-880795 ឬ info@ccc.org.kh

ចែករំលែក: