ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

ជំនួបសម្តែងការគួរសម និង ពិភាក្សាការងារ រវាង ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ អ្នកឧកញ៉ា គិត ម៉េង និង សមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា

នាថ្ងៃចន្ទ ១៥កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ១៥៖០០នាទីព្រឹក ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានទទួលជំនួបសសម្តែងការគួរសម ជាមួយនឹង ឧកញ៉ា ម៉ន សុខា ប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា និងសមាជិក សមាជិកា សមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា តាមរយៈប្រព័ន្ធអនឡាញ (Zoom Meeting)។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា រីករាយស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះ វត្តមាន ឧកញ៉ា ម៉ន សុខា ប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា និងសមាជិក សមាជិកា សមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា។ ឯកឧត្តម ឧកញ៉ា អគ្គនាយក មានប្រសាសន៍ថា ទោះបីជាបញ្ហាជំងឺកូវីដ-១៩ (Covid-19) កំពុងរាតត្បាតយ៉ាងខ្លាំង ទូទាំងសកលលោក តែមិនអាចរារាំងនូវកិច្ចពិភាក្សាការងារផ្សេងៗដែលសភាពាណិជ្ជកម្មកម្ពុជាបានរៀបចំតាមរយៈប្រព័ន្ធអនឡាញកន្លងមក ហើយសង្ឃឹមថានឹងអាចមានការរៀបចំការប្រជុំដោយផ្ទាល់នាពេលឆាប់ៗខាងមុខនេះនៅពេលបញ្ហាជំងឺកូវីដ-១៩ (Covid-19) បានធូរស្បើយ។ នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម ឧកញ៉ា អគ្គនាយក បានលើកអំពីអត្ថប្រយោជន៍នៃការចូលរួមជាមួយសភាពាណិជ្ជកម្មកម្ពុជា ដើម្បីជម្រុញអោយវិស័យឯកជនមានការអភិវឌ្ឍន៍ទៅមុខជាធ្លុងមួយ ព្រមទាំងអាចដោះស្រាយបញ្ហារួមផងដែរ ថែមទាំងអាចធ្វើអោយសមាជិកនីមួយៗអាចពង្រឹង និង ពង្រីកនូវការសហការគ្នាទៅវិញទៅមក តាមរយៈទំនាក់ទំនង ដែលសភាពាណិជ្ជកម្មកម្ពុជាបានរៀបចំក្នុងជំនួបផ្សេងៗ។

ឧកញ៉ា ម៉ន សុខា ប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា បានរីករាយ និង អរគុណ ចំពោះការស្វាគមន៍យ៉ាងកក់ក្តៅ ពី ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា ដែលអនុញ្ញាតឱ្យមាននូវជំនួបសម្តែងការគួរសមនេះ ព្រមទាំងបានស្វែងយល់កាន់តែច្បាស់នូវសភាពាណិជ្ជកម្មកម្ពុជា។ ឱកាសនេះផងដែរ ឧកញ៉ា ប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា បានអនុញ្ញាតសមាជិក សមាជិកានៃសមាគមដែលមានវត្តបាន បានណែនាំខ្លួនអំពីក្រុមហ៊ុននិមួយៗ។

ជំនួបនេះបញ្ចប់ នៅវេលាម៉ោង ១៦៖១៥នាទីថ្ងៃ ក្រោមបរិយាកាសស្និតស្នាល ជាមួយលទ្ធផលគួរជាទីគាប់ចិត្ត។

ចែករំលែក: