ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

កិច្ចប្រជុំអន្តរក្រសួងត្រៀមរៀបចំកិច្ចប្រជុំលើកទី១១ នៃគណៈកម្មការអន្តររដ្ឋាភិបាលកម្ពុជា-រុស្ស៊ី

នាព្រឹកថ្ងៃព្រហស្បតិ៍ ៥ រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃ ២៩ ខែកក្កដា ឆ្នាំ២០២១ បណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួងត្រៀមរៀបចំកិច្ចប្រជុំលើកទី១១ នៃគណៈកម្មការអន្តររដ្ឋាភិបាលកម្ពុជា-រុស្ស៊ី ដែលប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ ក្រោមអធិបតីភាព របស់ ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា រដ្ឋលេខាធិការ ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ និងមានការការអញ្ជើញចូលរួមពីតំណាងក្រសួងស្ថាប័ន និងភាគីពាក់ព័ន្ធនានា។

កិច្ចប្រជុំនេះធ្វើឡើងដើម្បីប្រមូលធាតុចូលអំពីបច្ចុប្បន្នភាពនៃកិច្ចសហប្រតិបត្តិការរវាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាមួយភាគីរុស្ស៊ី ក៏ដូចជាពិភាក្សាអំពីទិសដៅអនុវត្តនានាជាមួយភាគីរុស្ស៊ី។ ក្នុងឱកាសនៃកិច្ចប្រជុំនេះ បណ្ឌិត តាន់ មុនីវណ្ណ បានជម្រាបជូនអង្គប្រជុំអំពីវឌ្ឍនភាពការងាររបស់សភាពាណិជ្ជកម្មកម្ពុជា ជាមួយភាគីរុស្ស៊ី ដែលរហូតមកទល់បច្ចុប្បន្ន សភាពាណិជ្ជកម្មកម្ពុជាបាន និងកំពុងបន្តកិច្ចសហប្រតិបត្តិការល្អជាមួយវិស័យឯកជនរុស្ស៊ី ដោយបានចុះអនុស្សារណៈយោគយល់ និងកិច្ចព្រមព្រៀងសហប្រតិបត្តិការមួយចំនួនដូចជា កិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយមូលនិធិ Roscongress កិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយសភាពាណិជ្ជកម្ម និងឧស្សាហកម្មសហព័ន្ធរុស្ស៊ី កិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងក្រុមប្រឹក្សាធុរកិច្ចកម្ពុជារុស្ស៊ី និង អនុស្សារណៈយោគយល់ជាមួយសមាគមស៊ីប៊េរីសម្រាប់កិច្ចសហប្រតិបត្តិការធុរកិច្ចនិងវប្បធម៌។ ក្រៅពីកិច្ចសហប្រតិបត្តិការជាមួយវិស័យឯកជនភាគីរុស្ស៊ី សភាពាណិជ្ជកម្មកម្ពុជា បាននិងកំពុងសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតរុស្ស៊ីប្រចាំនៅកម្ពុជា ក្នុងការផ្សព្វផ្សាយព័ត៌មានអំពីក្រុមហ៊ុនសក្តានុពលរបស់រុស្ស៊ីដែលមានបំណងពង្រីកទីផ្សារមកកម្ពុជា លើវិស័យម្ហូបអាហារ វេជ្ជសាស្ត្រ បច្ចេកវិទ្យា និងទូរគមនាគមន៍ជាដើម។ កាលពីដើមឆ្នាំ២០២១ កន្លងទៅនេះ សភាពាណិជ្ជកម្មកម្ពុជា បានសហការជាមួយស្ថានទូតរុស្ស៊ីប្រចាំនៅកម្ពុជា រៀបចំជំនួបពាណិជ្ជកម្មចំនួន ពីរលើក។

ចែករំលែក: