ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

កិច្ចប្រជុំពិភាក្សាក្រុមការងារ “ឃ” “ផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន

ថ្ងៃអង្គារ ១០រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ០៩:០០ នាទីព្រឹក មានរៀបចំកិច្ចប្រជុំពិភាក្សាក្រុមការងារ “ឃ” “ផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន តាមប្រព័ន្ធវីដេអូសន្និសិទ (zoom) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាសហប្រធានក្រុមការងារ “ឃ” តំណាងផ្នែករដ្ឋាភិបាល អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានអ្នកសម្របសម្រួលក្រុមការងារទាំង១៣ផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាលផ្នែកឯកជន និង លោក អានូដ ដាក ( Mr. Arnaud DARC) សហប្រធានក្រុមការងារ “ឃ” តំណាង ផ្នែកឯកជន។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់ អនុសហប្រធានក្រុមការងារ និងសមាជិកសមាជិកានៃក្រុមការងារ “ឃ” និងមានការចូលរួមពីសំណាក់អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងវត្តមាន ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និងវត្តមាន ឯកឧត្តម លោកជំទាវ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង តំណាងក្រសួង ស្ថាប័នរដ្ឋនិងឯកជនពាក់ព័ន្ធសំខាន់ៗ និងវត្តមានតំណាងពីសមាគម និងក្រុមហ៊ុនជាតិ និងអន្តរជាតិច្រើនទៀតផងដែរ។

គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីដាក់ជូនពិគ្រោះពិភាក្សា និងដោះស្រាយ បញ្ជាក់បំភ្លឺទៅលើបញ្ហាប្រឈម កង្វល់ និងសំណើរសំណូមពរដែលលើកឡើងដោយផ្នែកឯកជន ជូនក្រសួងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលមាន ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ជាសហប្រធានក្រុមការងារដោយផ្ទាល់។ ហើយបញ្ហាដែលត្រូវលើកក្នុងកិច្ចពិភាក្សា គឺ “ការតម្រូវឲ្យធ្វើចត្តាឡីស័ក សម្រាប់និវាសនជន ម្ចាស់អាជីវកម្ម និយោជក និងអ្នកវិនិយោគ ដែលជាជនជាតិបរទេសជាដើម មានបំណងចូលមកព្រះរាជាណាចក្រកម្ពុជា ដែលកំពុងឆ្លងរាលដាលយ៉ាងខ្លាំងនៃជំងឺកូវីដ-១៩។

កិច្ចប្រជុំតាមប្រព័ន្ធវីដេអូសន្និសិទ (Zoom) នេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១១:៤៩នាទីព្រឹកក្នុងបរិយាកាសយោគយល់គ្នា និងទទួលបានលទ្ធផលល្អ។
———————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com.

ចែករំលែក: