ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

កិច្ចប្រជុំភាពជាដៃគូពិភាក្សានៃក្រុមការងារបច្ចេកទេសទី ១ “គយ-ឧស្សាហកម្មបម្រើការនាំចេញវិស័យកាត់ដេរ” នៃយន្តការភាពជាដៃគូគយ-ផ្នែកឯកជន។

ថ្ងៃព្រហស្បតិ៍ ០៥រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ០៩:០០ នាទីព្រឹក មានរៀបចំកិច្ចប្រជុំភាពជាដៃគូពិភាក្សានៃក្រុមការងារបច្ចេកទេសទី ១ “គយ-ឧស្សាហកម្មបម្រើការនាំចេញវិស័យកាត់ដេរ” នៃយន្តការភាពជាដៃគូគយ-ផ្នែកឯកជនតាមប្រព័ន្ធវីដេអូអនឡាញ (zoom) ក្រោមអធិបតីភាព សហប្រធានទាំងពីរ៖ លោក ផា អេងវ៉េង អគ្គនាយករង នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងជាសហប្រធានក្រុមការងារបច្ចេកទេសទី ១ តំណាងផ្នែករដ្ឋាភិបាល និង ឧកញ៉ា ស៊ិន ចន្ធី សហប្រធានក្រុមការងារបច្ចេកទេសទី១ តំណាងផ្នែកឯកជន។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់ ឧកញ៉ា លី ឃុនថៃ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសមាគមរោងចក្រស្បែកជើងកម្ពុជា និងវត្តមាន ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និងវត្តមានជាច្រើនមន្រ្តីពាក់ព័ន្ធសំខាន់ៗនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សមាជិក សមាជិកាសភាពាណិជ្ជកម្មកម្ពុជា តំណាងសមាគមរោងចក្រកាត់ដេរកម្ពុជា តំណាងក្រុមហ៊ុនអ្នកនាំចេញ ជើងសារគយ និងសមាជិក សមាជិកានៃក្រុមការងារបច្ចេកទេសទី ១ ជាច្រើនទៀតផងដែរ។

គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីពិគ្រោះពិភាក្សាសរកដំណោះស្រាយ បំភ្លឺបញ្ជាក់ទៅលើបញ្ហាប្រឈម កង្វល់ និងសំណើសំណូមពរមួយចំនួន ដែលលើកឡើងដោយផ្នែកឯកជន ដាក់ជូនសំណាក់ដៃគូអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាផ្ទាល់ដែលពាក់ព័ន្ធនឹងការចេញបម្រើឲ្យវិស័យកាត់ដេរដែលមានការប៉ះពាល់ ជាពិសេសបញ្ហាដែលកើតមានឡើងនៅក្នុងបរិបទនៃជំងឺកូវីដ-១៩ ដែលកំពុងតែឆ្លងរាលដាលនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

កិច្ចប្រជុំតាមប្រព័ន្ធវីដេអូអនឡាញហ្ស៊ូម (zoom) នេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១១:០០នាទីព្រឹក ក្នុងបរិយាកាសរីករាយ យោគយល់គ្នា និងទទួលបានលទ្ធផលជាផ្លែផ្កា។
———————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com.

ចែករំលែក: