ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

កិច្ចប្រជុំពិភាក្សាក្រុមការងារបច្ចេកទេសទី ២ “គយ-ឧស្សាហកម្មបម្រើការនាំចេញវិស័យមិនមែនកាត់ដេរ” ផ្នែកឯកជន នៃយន្តការភាពជាដៃគូគយ-ផ្នែកឯកជន (CPPM)

ថ្ងៃសុក្រ ១៤កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ០២:៣០ នាទីរសៀល មានរៀបចំកិច្ចប្រជុំក្រុមការងារបច្ចេកទេសទី ២ “គយ-ឧស្សាហកម្មបម្រើការនាំចេញវិស័យមិនមែនកាត់ដេរ” ផ្នែកឯកជន នៃយន្តការភាពជាដៃគូគយ-ផ្នែកឯកជន តាមប្រព័ន្ធវីដេអូ zoom ក្រោមអធិបតីភាព បណ្ឌិត តាន់ មុនីវណ្ណ សហប្រធានក្រុមបច្ចេកទេសទី ២ “គយ-ឧស្សាហកម្មបម្រើការនាំចេញវិស័យមិនមែនកាត់ដេរ” ផ្នែកឯកជន។ កិច្ចប្រជុំនេះក៏មានវត្តមាន ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា ព្រមទាំងវត្តមាន សមាជិក សមាជិកាសភាពាណិជ្ជកម្មកម្ពុជា តំណាងសមាគមភស្តុភារកម្មកម្ពុជា តំណាងសហគ្រាស តំណាងសមាគម តំណាងសហព័ន្ធស្រូវអង្ករកម្ពុជា តំណាងក្រុមហ៊ុននាំចេញ និងសមាជិក សមាជិកាក្រុមការងារបច្ចេកទេសជាច្រើនទៀតផងដែរ។

គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីពិគ្រោះពិភាក្សាទៅលើបញ្ហាប្រឈមរបស់ផ្នែកឯកជនពាក់ព័ន្ធនឹងឧស្សាហកម្មបម្រើការនាំចេញវិស័យមិនមែនកាត់ដេរផ្នែកឯកជនដែលមានការប៉ះពាល់ ជាពិសេសបញ្ហាដែលកើតមានឡើងនៅក្នុងបរិបទនៃជំងឺកូវីដ-១៩ ដែលកំពុងតែឆ្លងរាលដាលយ៉ាងខ្លាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងដើម្បីប្រមូលយកបញ្ហាប្រឈម កង្វល់ សំណូមពរ របស់ផ្នែកឯកជនទាំងអស់ ដើម្បីស្នើសុំដំណោះស្រាយពីសំណាក់ដៃគូគឺអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀតនាពេលខាងមុខ។

ជាលទ្ធផល កិច្ចប្រជុំបានពិគ្រោះពិភាក្សាទៅលើបញ្ហាប្រឈម កង្វល់ សំណើសំណូមពររបស់ផ្នែកឯកជនពាក់ព័ន្ធនឹងក្រុមការងារវិស័យឧស្សាហកម្មបម្រើការនាំចេញវិស័យមិនមែនកាត់ដេរជាច្រើន និងឯកភាពគ្នាក្នុងការដាក់បញ្ចូលទៅក្នុងការស្នើសុំដំណោះស្រាយ ជាមួយដៃគូរដ្ឋាភិបាលពាក់ព័ន្ធ។

កិច្ចប្រជុំតាមប្រព័ន្ធវីដេអូអនឡាញហ្ស៊ូម (Zoom) នេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ៤:៣០ នាទីល្ងាចក្នុងបរិយាកាសរីករាយ យោគយល់គ្នា និងទទួលបានលទ្ធផលជាផ្លែផ្កា។
-----------------------------
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com.

ចែករំលែក: