ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

កិច្ចប្រជុំពិភាក្សាក្រុមការងារបច្ចេកទេសទី ៣ “គយ-ធុរកិច្ចបម្រើការទីផ្សារក្នុងស្រុក” ផ្នែកឯកជន នៃយន្តការភាពជាដៃគូគយ-ផ្នែកឯកជន (CPPM)

ថ្ងៃពុធ ៥កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ០២:៣០ នាទីរសៀល មានរៀបចំកិច្ចប្រជុំក្រុមការងារបច្ចេកទេសទី ៣ “គយ-ធុរកិច្ចបម្រើការទីផ្សារក្នុងស្រុក” ផ្នែកឯកជន នៃយន្តការភាពជាដៃគូគយ-ផ្នែកឯកជន តាមប្រព័ន្ធវីដេអូអនឡាញ zoom ក្រោមអធិបតីភាព ឧកញ៉ា គួច ផេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមបច្ចេកទេសទី៣ ផ្នែកឯកជន។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់ ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា វត្តមាន សមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជា, សមាគមភស្តុភារកម្មកម្ពុជា តំណាងក្រុមហ៊ុននាំចូល តំណាងក្រុមហ៊ុនជើងសារគយ និងសមាជិក សមាជិកាក្រុមការងារបច្ចេកទេសជាច្រើនទៀតផងដែរ។

គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីពិគ្រោះពិភាក្សាទៅលើបញ្ហាប្រឈមរបស់ផ្នែកឯកជនពាក់ព័ន្ធនឹងធុរកិច្ចបម្រើការទីផ្សារក្នុងស្រុកផ្នែកឯកជនដែលមានការប៉ះពាល់ ជាពិសេសបញ្ហាដែលកើតមានឡើងនៅក្នុងបរិបទនៃការីករាលដាលជំងឺកូវីដ-១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងដើម្បីប្រមូលយកបញ្ហាប្រឈម កង្វល់ សំណូមពរ របស់ផ្នែកឯកជនទាំងអស់ ដើម្បីស្នើសុំដំណោះស្រាយពីសំណាក់ដៃគូគឺអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀតនាពេលខាងមុខ។

ជាលទ្ធផល កិច្ចប្រជុំបានពិគ្រោះពិភាក្សាទៅលើបញ្ហាប្រឈម កង្វល់ សំណើសំណូមពររបស់ផ្នែកឯកជនពាក់ព័ន្ធនឹងក្រុមការងារធុរកិច្ចបម្រើការទីផ្សារក្នុងស្រុកជាច្រើន និង ឯកភាពគ្នាក្នុងការដាក់បញ្ចូលទៅក្នុងការស្នើសុំដំណោះ ស្រាយ ក្រោមយន្តការជាដៃគូគយ-ផ្នែកឯកជន។

កិច្ចប្រជុំតាមប្រព័ន្ធវីដេអូអនឡាញហ្ស៊ូម (Zoom) នេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ៣:៤០ នាទីល្ងាចក្នុងបរិយាកាសរីករាយ យោគយល់គ្នា និងទទួលបានលទ្ធផលជាផ្លែផ្កា។
-----------------------------
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com.

ចែករំលែក: