ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

កិច្ចប្រជុំពិភាក្សាក្រុមការងារ “ជ” “ផ្នែកទំនាក់ទំនងវិជ្ជាជីវៈ” ផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន

ថ្ងៃព្រហស្បតិ៍ ០៧រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ០២:៣០ នាទីរសៀល មានរៀបចំកិច្ចប្រជុំក្រុមការងារក្រុមការងារ “ជ” “ផ្នែកទំនាក់ទំនងវិជ្ជាជីវៈ” ផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនតាមប្រព័ន្ធវីដេអូអនឡាញ zoom ក្រោមអធិបតីភាព ឧកញ៉ា បណ្ឌិត ណាង សុធី សហប្រធានក្រុមការងារ “ជ” “ផ្នែកទំនាក់ទំនងវិជ្ជាជីវៈ” ផ្នែកឯកជន។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់ ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា ព្រមទាំងវត្តមាន អនុសហប្រធានក្រុមការងារ “ជ” ផ្នែកឯកជន វត្តមានសមាជិក សមាជិកាសភាពាណិជ្ជកម្មកម្ពុជា តំណាងសមាគមរោចចក្រកាត់ដេរកម្ពុជា តំណាងសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា តំណាងក្រុមហ៊ុន រោងចក្រ សហគ្រាស និងសមាជិក សមាជិកាក្រុមការងារជាច្រើនទៀតផងដែរ។

គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីពិគ្រោះពិភាក្សាទៅលើបញ្ហាប្រឈមកន្លងមករបស់ផ្នែកឯកជនពាក់ព័ន្ធនឹងវិស័យទំនាក់ទំនងវិជ្ជាជីវៈ ផ្នែកឯកជនដែលមានការប៉ះពាល់ ជាពិសេសបញ្ហាដែលកើតមានឡើងនៅក្នុងបរិបទនៃជំងឺកូវីដ-១៩ ដែលកំពុងតែឆ្លងរាលដាលយ៉ាងខ្លាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងដើម្បីប្រមូលយកបញ្ហាប្រឈម កង្វល់ សំណូមពរ របស់ផ្នែកឯកជនទាំងអស់ ដើម្បីស្នើសុំដំណោះស្រាយពីសំណាក់ដៃគូគឺក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថាប័នរដ្ឋពាក់ព័ន្ធមួយចំនួនទៀតនាពេលខាងមុខ។

ជាលទ្ធផល កិច្ចប្រជុំបានពិគ្រោះពិភាក្សាទៅលើបញ្ហាប្រឈម កង្វល់ សំណើសំណូមពររបស់ផ្នែកឯកជនពាក់ព័ន្ធនឹងក្រុមការងារវិស័យទំនាក់ទំនងវិជ្ជាជីវៈ ជាច្រើន និងឯកភាពគ្នាក្នុងការដាក់បញ្ចូលទៅក្នុងការស្នើសុំដំណោះស្រាយ ការបំភ្លឺពីសំណាក់ដៃគូរាជរដ្ឋាភិបាលពាក់ព័ន្ធ។

កិច្ចប្រជុំតាមប្រព័ន្ធវីដេអូអនឡាញហ្ស៊ូម zoom នេះបានបញ្ចប់ នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ៥:០០ នាទីល្ងាចក្នុងបរិយាកាសរីករាយ យោគយល់គ្នា និងទទួលបានលទ្ធផលជាផ្លែផ្កា។
———————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com.

ចែករំលែក: