ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

សភាពាណិជ្ជកម្មកម្ពុជាចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយសភាពាណិជ្ជកម្ម និងឧស្សាហកម្មអ៊ុយក្រែន

សភាពាណិជ្ជកម្មកម្ពុជាចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយសភាពាណិជ្ជកម្ម និងឧស្សាហកម្មអ៊ុយក្រែន

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ៦កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ឧកញ៉ា សុខ ពិសិដ្ឋ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយសភាពាណិជ្ជកម្ម និងឧស្សាហកម្មអ៊ុយក្រែនដែលតំណាងដោយលោក វ៉ាឡឺរី កូរ៉ូល (Valeriy Korol) អនុប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មអ៊ុយក្រែន ។ ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ប្រព្រឹត្តតាមរយៈប្រព័ន្ធអនឡាញ ហេីយក៏មានការចូលរួមពី ឧកញ៉ា គួច ផេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា រួមនិងលេខាធិការដ្ឋាននៃសភាពាណិជ្ជកម្មកម្ពុជា និងខាងភាគីអ៊ុយក្រែន មានការចូលរួមពីលោកស្រី ក្សេនីយ៉ា អូហូរ៉ូដនីក (Kseniia Ohorodnyk) ប្រធានផ្នែកពាណិជ្ជកម្ម និងសេដ្ឋកិច្ចនៃស្ថានទូតអ៊ុយក្រែនប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅប្រទេសវៀតណាម។

ក្នុងឱកាសនៃពិធីនេះ ឧកញ៉ា សុខ ពិសិដ្ឋ បានបញ្ជាក់ថា ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ គឺជាចំណុចរបត់ដ៏សំខាន់មួយក្នុងការបង្កើនទំនាក់ទំនងទ្វេភាគី ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹងចំណងសេដ្ឋកិច្ច និងពាណិជ្ជកម្ម ។ តាមរយៈអនុស្សរណៈនៃការយោគយល់នេះ ស្ថាប័នទាំងពីរនឹងបង្កើតនូវក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការដ៏រឹងមាំ ដើម្បីជំរុញការផ្លាស់ប្តូរពាណិជ្ជកម្ម ការចែករំលែកព័ត៌មានទីផ្សារ និងការគាំទ្រដល់សហគមន៍ធុរកិច្ចក្នុងការស្វែងរកកាលានុវត្តភាពថ្មីៗ ។ ឧកញ៉ា ក៏បានសង្កត់ធ្ងន់លើការត្រៀមលក្ខណៈរួចជាស្រេចរបស់សភាពាណិជ្ជកម្មកម្ពុជា ក្នុងការសហការរៀបចំពិព័រណ៍ វេទិកាធុរកិច្ច សិក្ខាសាលា និងសន្និសីទនានា ដើម្បីផ្សព្វផ្សាយផលិតផល និងសេវាកម្មរបស់ប្រទេសទាំងពីរ ។

ជាកិច្ចឆ្លើយតប ភាគីអ៊ុយក្រែនបានបង្ហាញពីបំណងយ៉ាងមុតមាំក្នុងការជំរុញកិច្ចសហការឱ្យកាន់តែជាក់ស្តែង ដោយបានស្នើឱ្យមានការរៀបចំសន្និសីទធុរកិច្ចតាមប្រព័ន្ធអនឡាញ (Joint Online Business Forum) ដើម្បីផ្តល់ឱកាសឱ្យវិស័យនីមួយៗនៃប្រទេសទាំងពីរបានធ្វើការផ្សព្វផ្សាយ និងចែករំលែកព័ត៌មានពីគ្នាទៅវិញទៅមក ។ យន្តការនេះនឹងជួយបង្កើតឱ្យមានការតភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច (B2B) ដោយផ្ទាល់ និងនាំមកនូវវិបុលភាពរួមគ្នា ។ ទន្ទឹមនឹងនេះ ភាគីទាំងពីរបានពិភាក្សា លើវិស័យអាទិភាពមួយចំនួនដែលមានសក្ដានុពលខ្ពស់សម្រាប់កិច្ចសហប្រតិបត្តិការ រួមមាន៖ វិស័យកសិកម្ម ម្ហូបអាហារ បច្ចេកវិទ្យាព័ត៌មាន (IT) និងវិស័យភស្តុភារកម្ម (Logistics)។ ការផ្តោតលើវិស័យទាំងនេះ នឹងជួយពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីឱ្យកាន់តែមានប្រសិទ្ធភាព។

ជាទីបញ្ចប់ ឧកញ៉ា សុខ ពិសិដ្ឋ បានចាត់ទុកការចុះហត្ថលេខានៅថ្ងៃនេះ គឺជាការចាប់ផ្តើមនៃភាពជាដៃគូរយៈពេលវែង ។ សភាពាណិជ្ជកម្មកម្ពុជា នឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយភាគីអ៊ុយក្រែន ដើម្បីអនុវត្តតាមស្មារតីនៃអនុស្សរណៈនៃការយោគយល់គ្នានេះ សំដៅប្រែក្លាយក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការឱ្យទៅជាលទ្ធផលជាក់ស្តែងសម្រាប់សហគ្រិន និងវិនិយោគិននៃប្រទេសទាំងពីរ។

ចែករំលែក: