ជំនួបពាណិជ្ជកម្មរវាងសភាពាណិជ្ជកម្មកម្ពុជា និង ប្រតិភូពាណិជ្ជកម្មសហរដ្ឋអាមេរិក
(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ៨កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា និងថ្នាក់ដឹកនាំសភាពាណិជ្ជកម្ម បានទទួលជួបជាមួយនឹង ប្រតិភូពាណិជ្ជកម្មសហរដ្ឋអាមេរិក ដែលដឹកនាំដោយ លោក គីមឆា ហួត ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។
ជំនួបពាណិជ្ជកម្មនេះ បានផ្តល់ឱកាសឱ្យភាគីទាំងពីរបានពិភាក្សាយ៉ាងស៊ីជម្រៅ អំពីការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគ រវាងព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាមេរិក។ ភាគីទាំងពីរ បានផ្លាស់ប្តូរមតិយោបល់លើការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគី ការចូលរួមរបស់វិស័យឯកជន និងការពង្រីកភាពជាដៃគូអាជីវកម្មរវាងវិស័យឯកកម្ពុជា និងសហរដ្ឋអាមេរិក។
ក្នុងឱកាសនោះ អ្នកឧកញ៉ា គិត ម៉េង បានស្វាគមន៍ដល់ ប្រតិភូពាណិជ្ជកម្មសហរដ្ឋអាមេរិក ដែលបានមកស្វែងយល់ពីកម្ពុជា ហើយ អ្នកឧកញ៉ា ក៏បានលើកឡើងអំពីតួនាទីសំខាន់របស់សភាពាណិជ្ជកម្មកម្ពុជា ដែលតំណាងឱ្យវិស័យឯកជន ដែលបានចូលរួមកែលម្អបរិយាកាសវិនិយោគ និងធ្វើជាស្ពានតភ្ជាប់ពាណិជ្ជកម្មដល់ វិនិយោគិនអន្តរជាតិ។ អ្នកឧកញ៉ា ក៏បានបញ្ជាក់អំពីសក្តានុពលសេដ្ឋកិច្ចរបស់កម្ពុជា ទីតាំងយុទ្ធសាស្ត្រនៅក្នុងតំបន់អាស៊ាន និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការបង្កើតបរិយាកាសវិនិយោគដែលបើកចំហ តម្លាភាព និងងាយស្រួលសម្រាប់វិនិយោគិន។
លោក គីមឆា ហួត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អ្នកឧកញ៉ា គិត ម៉េង ដែលបានអនុញ្ញាតឱ្យប្រតិភូពាណិជ្ជកម្មសហរដ្ឋអាមេរិក ក្នុងការជួបពិភាក្សាការងារ ជាពិសេសបានស្វែងយល់កាន់តែច្បាស់អំពីបរិយាកាសវិនិយោគនៅកម្ពុជា។
ប្រតិភូពាណិជ្ជកម្មសហរដ្ឋអាមេរិក បានបង្ហាញចំណាប់អារម្មណ៍ខ្លាំង ចំពោះឱកាសអាជីវកម្ម និងវិនិយោគនៅកម្ពុជា ជាពិសេសក្នុងវិស័យសំខាន់ៗដូចជា ការផលិត កសិកម្ម និងកសិឧស្សាហកម្ម ថាមពល ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងភស្តុភារ សេដ្ឋកិច្ចឌីជីថល និងវិស័យសេវាកម្ម។
ជំនួបពាណិជ្ជកម្មនេះបានបញ្ចប់ដោយការប្តេជ្ញារួម ក្នុងការបន្តសហការយ៉ាងជិតស្និទ្ធ និងជំរុញឱកាសពាណិជ្ជកម្ម និងវិនិយោគដែលផ្តល់អត្ថប្រយោជន៍ទៅវិញទៅមក ដើម្បីរួមចំណែកលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ចរវាងកម្ពុជា និងសហរដ្ឋអាមេរិកឱ្យកាន់តែរឹងមាំ។































ចូលជាសមាជិក
