ជំនួបពិភាក្សារវាងសភាពាណិជ្ជកម្មកម្ពុជា និង ស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃពុធ ៥កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ហ្វៃយ៉ា ម័រស៊ីឌ កាស៊ី(Faiyaz Murshid Kazi) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស ប្រចាំព្រះរាជាណាចក្រកម្ពុជា (មាននិវេសនដ្ឋាននៅទីក្រុងបាងកក)។
ក្នុងជំនួបនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច ដែលបានចំណាយពេលវេលាដ៏មានតម្លៃទទួលជួបពិភាក្សា។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់អំពីគោលបំណងយ៉ាងសំខាន់ក្នុងកិច្ចប្រជុំមួយនេះគឺដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរអោយកាន់តែស្អិតរមួតជាងមុន។ ក្នុងន័យនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានលើកឡើងថាសំរាប់ការបង្កើនទំនាក់ទំនងការទូត ប្រទេសបង់ក្លាដែសនឹងរៀបចំបង្កើតស្ថានទូតនៅប្រទេសកម្ពុជានាឆ្នាំ២០២៦ ឬ ២០២៧។ ចំណែកឯវិស័យឯកជន ឯកឧត្តមឯកអគ្គរដ្ឋទូត មានប្រសាសន៍ស្នើរសុំអោយមានការបង្កើតក្រុមប្រឹក្សាធុរកិច្ចកម្ពុជា-បង់ក្លាដែស និងសភាពាណិជ្ជកម្មបង់ក្លាដែសប្រចាំនៅប្រទេសកម្ពុជាដើម្បីជួយសម្រួលដល់ធុរជន និងវិនិយោគិនទាំងឡាយក្នុងការស្វែងរកឱកាសធុរកិច្ចនានានៅក្នុងប្រទេសកម្ពុជា។ ឯកឧត្តមបានកត់សម្គាល់ផងដែរថាសេដ្ឋកិច្ចប្រទេសទាំងពីរនៅមានកម្រិតនៅឡើយ ដូចនេះឯកឧត្តមចង់ជំរុញអោយមានកិច្ចសហប្រតិបត្តិការក្នុងវិស័យដែលសក្ដានុពលដូចជាអង្ករ គ្រាប់ស្វាយចន្ទី ឱសថ និងសំលៀកបំពាក់ និងការហោះហើរត្រង់ពីបង់ក្លាដែសមកកម្ពុជាដើម្បីអោយមានលំហូរនៃភ្ញៀវទេសចរណ៍ និងធុរជនច្រើនជាងមុន។ ជាចុងក្រោយ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានអញ្ជើញសភាពាណិជ្ជកម្មដឹកនាំគណៈប្រតិភូធុរកិច្ចកម្ពុជាទៅប្រទេសបង់ក្លាដែសដើម្បីស្វែងយល់ពីបរិយាកាសធុរកិច្ចបន្ថែមទៀត។
ជាកិច្ចឆ្លើយតប ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅទៅកាន់ ឯកឧត្តមឯកអគ្គរដ្ឋទូត។ ឯកឧត្តមឧកញ៉ាអគ្គនាយក បានឯកភាពចំពោះការលើកឡើងអំពីសំណើរបស់ ឯកអគ្គរដ្ឋទូត ក្នុងការបន្ដរកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងប្រទេសបង់ក្លាដែស ហើយឯកឧត្តមនិងពិនិត្យលទ្ធភាពដើម្បីជំរុញសំណើរបស់ ឯកឧត្តមឯកអគ្គរដ្ឋទូត ជាពិសេសការបង្កើតក្រុមប្រឹក្សាធុរកិច្ចកម្ពុជា-បង់ក្លាដែស និងការរៀបចំដំណើរធុរកិច្ចសម្រាប់ធុរជនកម្ពុជាទៅកាន់ប្រទេសបង់ក្លាដែស។








ចូលជាសមាជិក
