ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

ពិធីបើក វេទិការរាជរដ្ឋាភិបាលឌីជីថល ពិព័រណ៍បច្ចេកវិទ្យាឌីជីថល និងព្រឹត្តិការណ៍ជាតិ អន្តរជាតិពាក់ព័ន្ធ

ពិធីបើក វេទិការរាជរដ្ឋាភិបាលឌីជីថល ពិព័រណ៍បច្ចេកវិទ្យាឌីជីថល និងព្រឹត្តិការណ៍ជាតិ អន្តរជាតិពាក់ព័ន្ធ

The Opening Ceremony of the Digital Government Forum, Digital Technology Expo and National - International Side Events.

ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ទី០៥ ខែធ្នូ ឆ្នាំ២០២៥ នៅសាលសន្និសិទ្ន និងពិព័រណ៍កោះពេជ្រ វេលាម៉ោង ៩:០០នាទី, អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.ឯ.រ.ជ) បានដឹកនាំសមាជិក សភាពាណិជ្ជកម្មកម្ពុជា ចូលរួមក្នុងពិធីបើក វេទិការរាជរដ្ឋាភិបាលឌីជីថល ពិព័រណ៍បច្ចេកវិទ្យាឌីជីថល និងព្រឹត្តិការណ៍ជាតិ អន្តរជាតិពាក់ព័ន្ធ ក្រោមប្រធានបទ “ការពន្លឿនអនាគតឌីជីថល៖ អភិបាលកិច្ច កំណើន និងភាពជាដៃគូសកល” ក្រោមអធីបតីភាព ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ កម្មវិធីនេះក៏មានការចូលរួមផងដែរពីសំណាក់តំណាងក្រសួង ស្ថាប័ននៃរាជរដ្ឋាភិបាល, តំណាងអង្គទូត, តំណាងដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធជាច្រើនទៀតផងដែរ។

ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានថ្លែងបញ្ជាក់ពីគោលបំណងនៃកម្មវិធីនេះគឺដើម្បី ចែករំលែកបទពិសោធន៍នៃការធ្វើបដិវត្តកម្មឌីជីថល និងការពង្រីកកិច្ចសហប្រតិបត្តិការរវាងអ្នករៀបចំគោលនយោបាយ អ្នកជំនាញឌីជីថល និងអ្នកអនុវត្តផ្ទាល់គ្រប់ផ្នែកក្នុងតំបន់ ក៏ដូចជាបង្ហាញអំពីសម្ធិទផលនៃបដិវត្តកម្មឌីជីថលនៃបណ្តាររាជរដ្ឋាភិបាលនានាផងដែរ។​

ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថា វេទិការរាជរដ្ឋាភិបាលឌីជីល និងកម្មវិធីពាក់ព័ន្ធដ៏មានសារៈសំខាន់ក្នុងថ្ងៃនេះ គឺជាលើកទី២ ហើយ បន្ទាប់ពីវេទិការលើកទី១ ត្រូវបានធ្វើឡើងនៅក្នុងខែមីនា ឆ្នាំ២០២៤​ កន្លងទៅនេះ។ ដូចទៅនឹងការប្រារព្ធវេទិការនេះលើកទី១ ដែរ កម្មវិធីលើកទី២ នៅថ្ងៃនេះ ត្រូវបានបែងចែកចេញជាពីរផ្នែករួមមាន៖ ផ្នែកទី១. វេទិការរាជរដ្ឋាភិបាលឌីជីល គឺជាការពិភាក្សាលើប្រធានបទសំខាន់ៗពីវាគ្មិនជាតិ និងអន្តរជាតិពាក់ព័ន្ធនឹងទិដ្ឋភាពគោលនយោបាយ បច្ចេកទេស ការផ្លាស់ប្តូរបទពិសោធន៍ និងឧត្តមានុវត្តនៃបដិវត្តកម្មឌីជីថល និងផ្នែកទី២. ជាការតាំងពិព័រណ៍បច្ចេកវិទ្យាឌីជីថល ដែលនឹងមានការតំាងបង្ហាញបច្ចេកវិទ្យាឌីជីថល ដោយក្រសួង ស្ថាប័នសាធារណៈ និងបណ្តារក្រុមហ៊ុនបច្ចេកវិទ្យាជាតិ និងអន្តរជាតិផងដែរ។

វេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥ គឺជាព្រឹត្តិការណ៍បច្ចេកវិទ្យាឌីជីថលដ៏ធំមួយរបស់កម្ពុជាដែលត្រូវបានផ្តួចផ្តើមឡើងដោយរួមបញ្ចូលគ្នានូវ ១) វេទិកាចែករំលែកបទពិសោធន៍ពាក់ព័ន្ធនឹងដំណើរការនៃការធ្វើបរិវត្តកម្មឌីជីថល អភិបាលកិច្ចឌីជីថល និងបច្ចេកវិទ្យាឌីជីថលថ្មីៗ ជាពិសេសបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ២) ពិព័រណ៍បច្ចេកវិទ្យាឌីជីថលដែលបង្ហាញអំពីសមិទ្ធផល ថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីថល (DGPs) និងដំណោះស្រាយឌីជីថលរបស់ក្រសួង ស្ថាប័ន ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថល និងធុរកិច្ចថ្មីឌីជីថល និង ៣) ព្រឹត្តិការណ៍ជាតិនិងអន្តរជាតិអម (Side Event) វេទិការដ្ឋាភិបាលឌីជីថល ដែលសហការជាមួយអង្គការសហប្រជាជាតិសម្រាប់អាស៊ីនិងប៉ាស៊ីហ្វិក (UN-ESCAP) កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ នៃសហប្រជាជាតិ (UNESCO) អង្គការយូនីសេហ្វ (UNICEF) សហភាពទូរគមនាគមន៍អន្តរជាតិ (ITU) ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) មូលនិធិសមាហរណកម្មជប៉ុន-អាស៊ាន (JAIF) និងមជ្ឈមណ្ឌលបច្ចេកវិទ្យា Plug and Play មកពីតំបន់ Silicon Valley សហរដ្ឋអាម៉េរិកជាដើម។

គួរបញ្ជាក់ថាតាមរយៈវេទិការដ៏មានសារៈសំខាន់នាថ្ងៃនេះ ក៏មានការប្រកាសជាផ្លូវការ នៃការដាក់ឱ្យដំណើរការប្រតិបត្តិការសេវាទូរស័ព្ទជំនាន់ទី២ (5G) នៅក្នុងព្រះរាជាណាចក្រកម្ពុជា ចាប់ពីឆ្នាំ២០២៦ តទៅផងដែរ។

————

ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com

#gpsfcambodia #pswg #gpswg #cambodiachamberofcommerce #សភាពាណិជ្ជកម្មកម្ពុជា #ccc

ចែករំលែក: