មហាសន្និបាតបូកសរុបការងារលើកទី១៥ និងកម្មវិធីពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិ
(រាជធានីភ្នំពេញ)៖នាព្រឹកថ្ងៃសុក្រ ១៥កើត ខែមិគសិរ ឆ្នាំម្សាញ់ ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា និងសមាជិក សមាជិការ សភាពាណិជ្ជកម្មកម្ពុជា អញ្ជើញចូលរួមពិធីបើក មហាសន្និបាតបូកសរុបការងារលើកទី១៥ និងកម្មវិធីពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិ ក្រោមអធិបតីភាព ឯកឧត្តម ឡៅ ទិព្វសីហា រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងមានការអញ្ជើញចូលរួម ពីឧកញ៉ា ឆារស៍ វ៉ាន់ ប្រធានសមាគមអ្នកសាងសង់កម្ពុជា, ឯកឧត្តម ឃ្លាំង ហួត អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ និងភ្ញៀវជាតិ-អន្តរជាតិជាច្រើន។
គោលបំណងនៃការតាំងពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិ ឆ្នាំ២០២៥ គឺដើម្បីផ្តល់ឱកាសដល់ក្រុមហ៊ុនសំណង់ទាំងអស់ បានជួបប្រាស្រ័យទាក់ទងគ្នាដោយផ្ទាល់។ ម្យ៉ាងវិញទៀត ការរៀបចំកម្មវិធីនេះ ក៏មានគោលបំណងដាក់បង្ហាញអំពីសម្ភារ បរិក្ខារ គ្រឿងចក្រសំណង់ និងបច្ចេកវិទ្យានៃការសាងសង់ ដែលមាននៅទីផ្សារកម្ពុជា ជាពិសេស លើកទឹកចិត្ត ដល់វិនិយោគិនកម្ពុជា និងបរទេស ឲ្យមកបង្កើតរោងចក្រផលិតសម្ភារ បរិក្ខារឧស្សាហកម្មសំណង់ នៅប្រទេស កម្ពុជាបន្ថែមទៀត។ ជាមួយគ្នានេះផងដែរ នេះក៏ជាបង្ហាញពីសញ្ញាវិជ្ជមាន និងការជឿជាក់លើសក្តានុពល នៃដំណើរឆ្ពោះទៅមុខ ក្នុងការអភិវឌ្ឍ ការវិនិយោគ វិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា ស្របតាមទិសដៅ និងសម្រេចការឈានទៅរក ផលិតភាពឧស្សាហកម្មសំណង់កម្ពុជា ប្រកបដោយចីរភាព នងបរិយាប័ន្ន។
ពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិ ឆ្នាំ២០២៥នេះ មានការចូលរួមពីក្រុមហ៊ុន ប្រមាណ១០០ ក្រុមហ៊ុន ស្មើនឹងជាង២០០ស្តង់ ដោយមានសម្ភារ បរិក្ខារ ព្រមទាំងគ្រឿងចក្រសំណង់ប្រមាណ ៥០០ ប្រភេទ រួមទាំង ៣២ ប្រភេទនៃសេវាកម្មដែលពាក់ព័ន្ធផ្សេងៗ មកដាក់តាំងបង្ហាញ។ សម្ភារ និងបរិក្ខារ ព្រមទាំងគ្រឿងចក្រសំណង់ទាំងនេះ ជាផលិតផលដែលបានផលិតនៅក្នុងស្រុក និងនាំចូលមកពីបណ្តាប្រទេសជាច្រើន ដូចជា ចិន តៃវ៉ាន់ វៀតណាម កូរ៉េ ម៉ាឡេស៊ី បារាំង សឹង្ហបុរី ឥណ្ឌូនេស៊ី ជប៉ុន រុស្សី អាល្លឺម៉ង់ បារាំង ឥណ្ឌា ស៊ុយអ៊ែត អារ៉ាប់រួមជាដើម។



























ចូលជាសមាជិក
