វេទិកាធុរកិច្ចជាមួយគណៈប្រតិភូឌូបៃ ស្តីពីការធ្វើធុរកិច្ចនៅកម្ពុជា
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ៨កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុង វេទិកាធុរកិច្ចជាមួយគណៈប្រតិភូឌូបៃ ស្តីពី «ការធ្វើធុរកិច្ចនៅកម្ពុជា»។ វេទិកានេះសហការរៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មឌូបៃ ក្នុងគោលបំណងជំរុញទំនាក់ទំនងសេដ្ឋកិច្ចរវាងព្រះរាជាណាចក្រកម្ពុជា និងអេមីរ៉ាត់អារ៉ាប់រួម។ ព្រឹត្តិការណ៍នេះធ្វើឡើងស្របពេលនឹងដំណើរទស្សនកិច្ចធុរកិច្ចរបស់ក្រុមហ៊ុនធំៗនៃប្រទេសអេមីរ៉ាត់អារ៉ាប់រួមចំនួន ១៦ ក្រុមហ៊ុន ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជាដើម្បីស្វែងរកកាលានុវត្តភាពវិនិយោគ។ ក្នុងនោះក៏មានការរៀបចំជាជំនួបពាណិជ្ជកម្មមួយទល់មួយ (B2B) រវាងក្រុមហ៊ុនកម្ពុជា និងក្រុមហ៊ុនឌូបៃ ដើម្បីភ្ជាប់ទំនាក់ទំនងដោយផ្ទាល់ និងស្វែងរកដៃគូសហការសក្តានុពលលើវិស័យដែលមានកំណើនខ្ពស់ផងដែរ។
វេទិកាធុរកិច្ចនេះ បានជជែកពិភាក្សាសំខាន់លើចំណុច៖ ១. សក្តានុពលសេដ្ឋកិច្ចកម្ពុជា៖ កំណែទម្រង់
យុទ្ធសាស្ត្រ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរយៈពេលវែងរបស់រាជរដ្ឋាភិបាល។ ២. ឌូបៃជាមជ្ឈមណ្ឌលសកល៖ គោលនយោបាយអនុគ្រោះធុរកិច្ច និងសក្តានុពលសម្រាប់កិច្ចសហការ។
ថ្លែងក្នុងឱកាសនៃវេទិកានេះ អ្នកឧកញ៉ា គិត ម៉េង បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃភាពជាដៃគូនៃប្រទេសទាំងពីរ និងគូសបញ្ជាក់ថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (CEPA) ដែលបានចូលជាធរមានតាំងពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ កន្លងទៅ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ទំនុកចិត្ត និងជួយកាត់បន្ថយហានិភ័យនៃការវិនិយោគទ្រង់ទ្រាយធំ។ នេះគឺជាការប្តេជ្ញាចិត្តរួមគ្នា ដើម្បីលើកកម្ពស់ទំនាក់ទំនងទ្វេភាគីទៅជាភាពជាដៃគូសេដ្ឋកិច្ចយុទ្ធសាស្ត្រ និងអាទិភាពខ្ពស់។ អ្នកឧកញ៉ាប្រធាន បានគូសបញ្ជាក់បន្ថែមថា៖ «ការវិនិយោគនៅកម្ពុជា មិនមែនសំដៅលើតែទីផ្សារក្នុងស្រុកដែលមានប្រជាជន ១៧ លាននាក់ប៉ុណ្ណោះទេ តែកម្ពុជាជាច្រកទ្វារដ៏សំខាន់ទៅកាន់ទីផ្សារ
អ្នកប្រើប្រាស់ ៦៨០ លាននាក់ នៅក្នុងតំបន់អាស៊ានទាំងមូល ហើយ កម្ពុជាជាមជ្ឈមណ្ឌលផលិតកម្ម និងភស្តុភារយុទ្ធសាស្ត្រ»។
អ្នកឧកញ៉ាប្រធាន បានលើកទឹកចិត្តដល់វិនិយោគិនឌូបៃឱ្យចាប់យកឱកាសវិនិយោគលើវិស័យយុទ្ធសាស្ត្រ
សំខាន់ៗរួមមាន៖ ហេដ្ឋារចនាសម្ព័ន្ធ ភស្តុភារ ទេសចរណ៍ ថាមពល ធនាគារនិងហិរញ្ញវត្ថុ ឌីជីថល និងមូលធនមនុស្ស ជាដើម។ ជាចុងបញ្ចប់ អ្នកឧកញ៉ាប្រធាន លើកទឹកចិត្តធុរជនទាំងពីរប្រទេស ឱ្យប្រើប្រាស់វេទិកាធុរកិច្ចនេះដើម្បីស្វែងរកដៃគូសហការ និងគម្រោងអនុវត្តជាក់ស្តែង ដោយសភាពាណិជ្ជកម្មកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងជួយសម្របសម្រួលធុរជនឌូបៃឈានចូលទីផ្សារកម្ពុជា។
លោក សាឡឹម អាល់ ហ្សាមស៊ី (Salem Al Shamsi) អនុប្រធានសភាពាណិជ្ជកម្មឌូបៃ បានគូសបញ្ជាក់ថា ទំនាក់ទំនងធុរកិច្ចរវាងកម្ពុជា និងឌូបៃ បាននិងកំពុងបន្តរីកចម្រើនជាលំដាប់ ដោយទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងអេមីរ៉ាត់អារ៉ាប់រួម មានប្រមាណជិត ៤០០ លានដុល្លារ។ លោកបានគូសបញ្ជាក់ថា ឌូបៃគឺជាច្រកទ្វារទៅកាន់មជ្ឈិមបូព៌ា អាហ្វ្រិក និងអាស៊ីខាងត្បូង។ លោក សង្កត់ធ្ងន់ថា សម្រាប់សហគមន៍ធុរកិច្ចឌូបៃ កម្ពុជាមានសក្តានុពល និងកាលានុវត្តភាពលើច្រើនវិស័យ រួមមានដូចជា៖ វិស័យវាយនភណ្ឌ យានយន្ត និងអេឡិចត្រូនិកជាដើម។ ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូឌូបៃនាពេលនេះ គឺដើម្បីស្វែងយល់បន្ថែមអំពីកាលានុវត្តភាពវិនិយោគផ្សេងទៀត និងបរិយាកាសធុរកិច្ចនៅកម្ពុជា។
គួរបញ្ជាក់ថា បច្ចុប្បន្នមានក្រុមហ៊ុនកម្ពុជាជាង ៣០ ក្រុមហ៊ុន កំពុងវិនិយោគ និងធ្វើប្រតិបត្តិការនៅឌូបៃ ក្នុងវិស័យអចលនទ្រព្យ វិស័យលក់ដុំនិងលក់រាយ និងសេវាកម្មសង្គម។ ផលិតផលសំខាន់ៗដែលកម្ពុជានាំចេញទៅឌូបៃរួមមាន៖ អង្ករ សម្លៀកបំពាក់ សង្ហារឹម ផលិតផលក្តារបន្ទះកៀប គ្រឿងម៉ាស៊ីន ចង្រ្កាន និងបារី។ គណៈប្រតិភូឌូបៃ មានចំណាប់អារម្មណ៍ធ្វើពិពិធកម្មទៅលើវិស័យផ្សេងទៀត រួមមាន៖ វិស័យថាមពល មជ្ឈមណ្ឌលទិន្នន័យ និងវិស័យលក់រាយ ជាដើម។
អំពីសភាពាណិជ្ជកម្មកម្ពុជា៖ សភាពាណិជ្ជកម្មកម្ពុជា គឺជាស្ថាប័នមិនស្វែងរកប្រាក់ចំណេញ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៥ ដើម្បីតំណាងឲ្យផលប្រយោជន៍របស់វិស័យឯកជន នៅក្នុងវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម សេវាកម្ម និងកសិកម្មទូទាំងប្រទេសកម្ពុជា។
អំពីសភាពាណិជ្ជកម្មឌូបៃ៖ សភាពាណិជ្ជកម្មឌូបៃ គឺជាស្ថាប័នសាធារណៈមិនស្វែងរកប្រាក់ចំណេញ ដែលតំណាង គាំទ្រ និងជំរុញផលប្រយោជន៍របស់សហគមន៍ធុរកិច្ច។ សភាពាណិជ្ជកម្មនេះ ប្តេជ្ញាធានានូវបរិយាកាសធុរកិច្ចអំណោយផលសម្រាប់ក្រុមហ៊ុន រីកចម្រើន និងពង្រឹងជំហររបស់ឌូបៃជាមជ្ឈមណ្ឌលសកលឈានមុខគេសម្រាប់ការធ្វើធុរកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ។


















ចូលជាសមាជិក
